
រាប់ចាប់តាំងពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ២០២៦ ការប្រកួតប្រណាំងរថយន្ដ Dakar Rally មានអាយុកាល ៤១ឆ្នាំហើយ ដោយបានហែលឆ្លងកាត់ការប្រកួតជាច្រើនលើក មានរឿងរ៉ាវជាច្រើនកើតឡើងរាប់មិនអស់ និងមានក្រុមប្រណាំងរថយន្ដជាច្រើនបានចូលរួម។ ជាលទ្ធផលគិតមកទល់មានក្រុមប្រណាំងរថយន្ដក្រុមហ៊ុន Mitsubishi មួយប៉ុណ្ណោះដែលបានឈ្នះជើងឯកក្នុងការប្រកួត Dakar Rally ច្រើនជាងបង្អស់ ដោយឈ្នះបានចំនួន ១២លើក នៅចន្លោះឆ្នាំ ១៩៨៥ ដល់ឆ្នាំ ២០០៧។ ការគ្រប់គ្រងតំណែងជើងឯកដ៏លេចធ្លោរបស់ក្រុមមួយនេះ គឺសម្រេចបានភាគច្រើនតាមរយៈការប្រើប្រាស់រថយន្ត Mitsubishi Pajero Evolution ដែលល្បីល្បាញបំផុតនាពេលនោះ។
ប៉ុន្តែគួរឲ្យសោកស្ដាយ ក្រុមហ៊ុន Mitsubishi លែងចូលរួមប្រកួតប្រជែងក្នុងនាមជាក្រុមប្រណាំងផ្លូវការរបស់រោងចក្រ នៅក្នុងកម្រិតកំពូលៗនៃព្រឹត្តិការណ៍ Dakar Rally ទៀតហើយ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានប្រកាសដកក្រុមប្រណាំងផ្លូវការរបស់ខ្លួនចេញពីការប្រណាំងឡានឆ្លងកាត់វាលខ្សាច់ ជាផ្លូវការនៅដើមឆ្នាំ ២០០៩។ ការចាកចេញនាពេលនោះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការកាត់បន្ថយថវិការបស់ក្រុមហ៊ុន ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចសកល។
ទោះបីជាយ៉ាងណាក៏ដោយ ម៉ាកសញ្ញាមួយនេះនៅជាតួអង្គសំខាន់ក្នុងផ្នែកការប្រណាំងឡានបុរាណ ទោះបីជាពួកគេមិនបានប្រជែងដណ្តើមពានរង្វាន់រួមក្នុងសម័យទំនើបក៏ដោយ ក៏រថយន្តម៉ូដែលចាស់ៗ (vintage) របស់ Mitsubishi ទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងផ្នែក Dakar Classic។ ក្រុមប្រណាំងឯកជន (Privateer teams) បានយកឡានម៉ូឌែលដើមដូចជា Mitsubishi Pajero, Pajero Evolution និង Montero មកប្រើប្រាស់យ៉ាងច្រើននៅក្នុងផ្នែកឡានបុរាណនេះ។ នៅក្នុងព្រឹត្តិការណ៍ Dakar Classic នាពេលថ្មីៗនេះ ក្រុមអ្នកប្រកួតប្រជែងឯករាជ្យ ដូចជាក្រុម Bolides Racing Team បាននាំយកឡាន classic Pajero ជាច្រើនគ្រឿងមកឈរនៅក្នុងចំណាត់ថ្នាក់កំពូលទាំងដប់ (top ten) បានយ៉ាងជោគជ័យ៕



















