អាគុយរថយន្តដែលអស់អាយុកាល ឬ មានបញ្ហាតែងធ្វើឱ្យពិបាកបញ្ឆេះរថយន្ត ឬដេរមិនឆេះតែម្ដង ។ នេះជាបញ្ហាក្រពុលមុខមួយដែលអ្នកបើកបររថយន្តភាគច្រើនមិនចង់ជួប ។ យ៉ាងណាក្ដីមុនពេលអាគុយអស់អាយុកាល ឬ ខូច វាតែងបង្ហាញសញ្ញាមួយចំនួន អាចឱ្យអ្នកប្រើប្រាស់ដឹងជាមុនបាន ។
១. កម្លាំងបញ្ឆេះចុះខ្សោយ
នៅពេលបញ្ឆេះម៉ាស៊ីនរថយន្ត ម៉ាស៊ីនត្រូវការកម្លាំងច្រើន ហើយកម្លាំងទាំងអស់នេះផ្គត់ផ្គង់ដោយអាគុយទាំងស្រុង ។ ដូច្នេះប្រសិនបើអាគុយជិតអស់ភ្លើង វានឹងបង្ហាញសញ្ញាសំឡេងបញ្ឆេះ ចុះខ្សោយពេលកាច់សោ ឬ ចុចបញ្ឆេះ ។ ពេលខ្លះប្រសិនបើមិនឮសំឡេងបញ្ឆេះចុះខ្សោយ រថយន្តអាចឮសំឡេងក្រឹកៗដែលជាសញ្ញានៃម៉ាស៊ីនរវៃចុះខ្សោយផងដែរ។ ក្នុងករណីនេះ គួរប្រញាប់ធ្វើតេស្ត អាគុយ និងដូរចេញប្រសិនបើចាំបាច់ ។
២. មានបញ្ហាជាមួយផ្នែកផ្សេង
ក្រៅពីបញ្ឆេះម៉ាស៊ីនហើយ អាគុយក៏ត្រូវផ្ដល់ថាមពលដល់ផ្នែកអេឡិចត្រូនិកជាច្រើនទៀតឲ្យដំណើរការផងដែរ ក្នុងនោះមានដូចជា កញ្ចក់ទ្វារ កៅអីចុច ប្រព័ន្ធកម្សាន្ត កុងទ័រ ផ្លិតទឹក ភ្លើងមុខ និងភ្លើងក្រោយជាដើម ។ ដូចនេះប្រសិនបើអាគុយជិតខូច វានឹងបង្ហាញសញ្ញាមិនប្រក្រតីលើផ្នែកទាំងនេះ ។
៣. ភ្លើងលោតលើតាប្លូ
ភ្លើងសញ្ញាអាសន្នមានរូបរាងដូចអាគុយនឹងលោតឡើងនៅលើកុងទ័រ ដែលជាសញ្ញាបង្ហាញថាកង្វះទឹកអាស៊ីដក្នុងអាគុយ ឬមានបញ្ហានៅផ្នែកណាមួយនៃអាគុយ ។ ដូច្នេះ ប្រសិនបើមានករណីនេះកើតឡើង អ្នកគួរតែប្រញាប់យកទៅឲ្យអ្នកជំនាញនៅយានដ្ឋានជួលជុលឆែកមើលទើបប្រសើរ។
៤. អាគុយឡើងប៉ោង
នៅក្នុងអាគុយឡានមានផ្ទុកដោយសារធាតុគីមីជាច្រើន ហើយនៅពេលអាគុយត្រូវកម្ដៅខ្លាំង ឬត្រជាក់ខ្លាំងវានឹងធ្វើឲ្យអាគុយឡើងប៉ោង ។ ករណីបែបនេះបង្ហាញ ថាអាគុយកំពុងមានបញ្ហា និងខូចឆាប់ៗ ។
៥. ធុំក្លិនស្អុយ
នៅពេលថ្មអាគុយកក សាកថ្មច្រើនដងពេក ឬកង្វះទឹកអាស៊ីដ អាចបញ្ចេញក្លិនអាក្រក់មកខាងក្រៅដូចជាក្លិនពងទាស្អុយ ។ ដូចនេះ ប្រសិនបើមានក្លិនចេញពីគម្របម៉ាស៊ីនរថយន្ត គួរប្រញាប់យកទៅឲ្យអ្នកជំនាញឆែកមើល និងដូរថ្មីចេញទើបប្រសើរ ៕