អាល្លឺម៉ង់គ្រោងចាយ ៦ពាន់លានដុល្លារ សង់ស្ថានីយសាកឡានអគ្គិសនីទូទាំងប្រទេស

[ទីផ្សារបរទេស] រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់បានឯកភាពលើផែនការក្នុងការចំណាយទឹកប្រាក់ប្រមាណ ៦,១៧ពាន់លានដុល្លារ នៅរយៈពេលបីឆ្នាំខាងមុខ ដើម្បីពង្រីកចំនួនស្ថានីយសាករថយន្តអគ្គិសនីនៅតាមដងផ្លូវ។

ផែនការនេះគឺជាផ្នែកនៃគម្រោងការរបស់អាល្លឺម៉ង់ដែលចង់ឲ្យរថយន្តបើកបរលើដងផ្លូវមិនមានបំភាយឧស្ម័នពុល ដោយសង្ឃឹមថានឹងអាចបង្កើនចំនួនស្ថានីយសាកភ្លើងនៅទូទាំងប្រទេសបានចំនួន ១៤ដង ដែលមានន័យថាស្ថានីយសាកភ្លើងដែលបច្ចុប្បន្នមាន ៧ម៉ឺនកន្លែង នឹងត្រូវឡើងដល់ ១លានកន្លែង នៅត្រឹមឆ្នាំ២០៣០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលមានបំណងប្រើប្រាស់ទឹកប្រាក់ជាង ៦ពាន់លានដុល្លារនេះ ដើម្បីផ្ដោតលើការដំឡើងស្ថានីយសាកភ្លើងនៅតាមសហគមន៍តូចៗ និងតាមតំបន់ដែលមិនទាន់មានស្ថានីយ ដោយគោលបំណងគឺចង់ឲ្យពលរដ្ឋចាប់អារម្មណ៍លើការប្រើរថយន្តអគ្គិសនី។

គួរដឹងថាសហភាពអឺរ៉ុបដែលជាប្រទេសកំណើតរបស់ BMW, Volkswagen និង Mercedes-Benz ជាដើម កំពុងខិតខំប្រឹងប្រែងក្នុងការបង្កើនចំនួនរថយន្តអគ្គិសនីនៅតាមដងផ្លូវ ពី ១,៥លានគ្រឿង នាពេលបច្ចុប្បន្ន ឡើងដល់ជាង ១៥លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម