អីយ៉ាស់! ឡាន Rolls-Royce របស់ចិននឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុន

រថយន្តប្រណិតរបស់ប្រទេសចិន Hongqi H9 គ្រោងនឹងបង្ហាញខ្លួនលើទីផ្សារប្រទេសជប៉ុននាពេលឆាប់ៗនេះ បន្ទាប់ពីបានធ្វើការតេស្តសាកល្បងនៅ Nagoya ប្រទេសជប៉ុននាពេលកន្លងទៅ។

នេះគឺជាម៉ូឌែលដំបូងហើយសម្រាប់ក្រុមហ៊ុន Hongqi ដែលនឹងមានវត្តមានលក់នៅលើទីផ្សារប្រទេសជប៉ុន។ ហើយវានឹងក្លាយជាគូប្រជែងរបស់ Mercedes E-Class, Audi A6 និង BMW 5-Series។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ម៉ូដែល H9 ត្រូវបាន​ឌីហ្សាញ​ឡើង​ដោយ​អ្នក​ឌីហ្សាញ​ឈ្មោះ Giles Taylor ដែល​ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Rolls-Royce។ ដូច​នេះ​ហើយ​ រូបរាង​របស់​វា​មើល​ទៅ​ហាក់​ស្រដៀង​នឹង​រថយន្ត Rolls-Royce អ៊ីចឹង​ដែរ។ វាមានប្រវែងសរុប ៥,២ ម៉ែត្រ និងប្រវែងពីកង់មុខ ដល់ កង់ក្រោយ ៣ម៉ែត្រ។

សម្រាប់រូបរាងផ្នែកខាងក្រៅនៃរថយន្ត បានបំពាក់ជាមួយប៉ាណាក្រូមទំហំធំអមដោយភ្លើង LEDព័ទ្ធជុំវិញ រួមជាមួយ ចង្កៀងមុខប្រភេទ Matrix LED និងថាសកង់ទំហំ ២០អ៊ីញ។ រីឯផ្នែកខាងក្នុងបំពាក់ជាមួយអក្រង់បង្ហាញ និងអេក្រង់កម្សាន្តទំហំធំ និងឧបករណ៍កាត់បន្ថយសម្លេងផងដែរ។

រថយន្ត Hongqi H9 ដំណើការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ២៥២សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ឬ ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ Supercharged ទំហំ ៦ស៊ីឡាំង បង្កើតកម្លាំងបាន ២៧២សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ វាអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម