កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម VinFast Auto បានប្រកាសថាខ្លួននឹងពន្យាពេលក្នុងការចែកចាយរថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ដោយសារការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកមានការធ្លាក់ចុះ នេះបើយោងតាមបទសម្ភាសន៍របស់លោក Pham Nhat Vuong ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast ផ្ទាល់ កាលពីខែមិថុនា។
គួរឲដឹងថា នៅក្នុងខែមិនា កន្លងទៅ ក្រុមហ៊ុន VinFast បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយដៃសហការណ៏ក្នុងប្រទេសថៃផ្ទាល់ចំនួន ១៥នាក់ ក្នុងគោលដៅបើកអគារតាំងបង្ហាញរថយន្តចំនួន ២២ កន្លែងនៅក្នុងទីក្រុងបាងកក។
គួរបញ្ជាក់ថា កាលពីខែមុន VinFast ក៏បានពន្យារពេលក្នុងការបើករោងចក្រផលិតរថយន្តរបស់ខ្លួននៅសហរដ្ឋអាមេរិកផងដែរ ដោយពន្យាទៅឆ្នាំ២០២៨ វិញ រួមជាមួយការទម្លាក់គោលដៅក្នុងការលក់រថយន្តខ្លួនមកត្រឹម ៨មុឺនគ្រឿង។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនមួយនេះនៅតែដាក់គោលដៅពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ទីផ្សាររថយន្តអន្តរជាតិឲបានចំនួន ៥០ ប្រទេស នៅក្នុងឆ្នាំ២០២៤ នេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្ត VinFast គ្រោងនឹងបើករោងចក្រផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយ បន្ទាប់ពីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែមុន៕