ក្រុមហ៊ុន Mazda បានពង្រីកត្រកូល Mazda6 សម្រាប់ស៊េរីឆ្នាំ២០២១ ក្នុងប្រទេសអូស្ត្រាលី ដោយបញ្ចេញម៉ូដែលថ្មីមួយទៀតហៅថា Mazda6 GT SP។
រថយន្ត Mazda6 GT SP នេះមានបំពាក់លក្ខណៈពិសេសលេចធ្លោ ខុសពីម៉ូដែល Mazda6 GT ធម្មតា ដូចជា គម្របកញ្ចក់ពណ៌ខ្មៅ, យ៉ាន់ Alloy ១៩អ៊ីញពណ៌ខ្មៅ និង ពូកស្បែកជាមួយថ្នេរដេរពណ៌ក្រហម ជាដើម។
រថយន្ត Mazda6 GT SP ថ្មីនេះផ្តល់ជម្រើសតួខ្លួន ២ ប្រភេទ ទាំង Sedan និង Wagon ហើយបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៧,៦លីត្រ/១០០គីឡូម៉ែត្រ។
ចំណែកឯកាប៊ីនខាងក្នុងវិញ វាបានបំពាក់អេក្រង់ Touchscreen ៨អ៊ីញ មានមុខងារផែនទី, Apple CarPlay និង Android Auto, ម៉ាស៊ីនត្រជាក់ ២តំបន់, ដៃចង្កូត និងចង្គឹះលេខស្បែក ហើយកៅអីមុខក្រោយមានមុខងារកម្តៅ ទៀតផង។
ចំពោះតម្លៃរបស់វាវិញគឺចាប់ពី ៣៦ ០៧០ដុល្លារ សម្រាប់ប្រភេទតួខ្លួន Sedan និង ៣៧ ០៧០ដុល្លារ សម្រាប់ប្រភេទ Wagon៕