អឺរ៉ុប រឹតបន្តឹងរថយន្តមួយទឹកដែលទម្លាក់គីឡូ

សហភាពអឺរ៉ុប កំពុងរៀបចំចេញច្បាប់ថ្មី ដើម្បីលុបបំបាត់​ការក្លែងបន្លំចំនួនគីឡូម៉ែត្រ ឬម៉ាយល៍ក្នុងកុងទ័រ ពោលគឺ​ទម្លាក់ចំនួនគីឡូម៉ែត្រឲ្យនៅទាប ដែលកើតមានឡើង​ក្នុងទីផ្សាររថយន្តមួយទឹក។

ក្រោមសេចក្តីស្នើច្បាប់ថ្មីនេះ រាល់រថយន្តទាំងអស់ នឹងត្រូវកត់ត្រាស្វ័យប្រវត្តិ​ចូលក្នុងប្រព័ន្ធទិន្នន័យជាតិរបស់​ប្រទេសនីមួយៗនៅអឺរ៉ុប។ ចំនួនគីឡូម៉ែត្រ ឬម៉ាយល៍ នឹង​អាប់ដេតដោយស្វ័យប្រវត្តិជារៀងរាល់ ៣ខែម្តង ដោយ​ស្ថាប័ន ៣ រួមមាន មជ្ឈមណ្ឌលត្រួតពិនិត្យ, ការ៉ាស់ជួសជុលដែលទទួលអាជ្ញាបណ្ណពីក្រុមហ៊ុនផលិត និងក្រុមហ៊ុនផលិតរថយន្តនោះផ្ទាល់តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រព័ន្ធកត់ត្រាទិន្នន័យនេះ ក៏អាច​ផ្ទេរឆ្លងកាត់ព្រំដែនបានផងដែរ ជាពិសេសនៅពេល​ដែលរថយន្ត​ត្រូវបានលក់​ទៅកាន់ប្រទេសមួយផ្សេងទៀតនៅក្នុងអឺរ៉ុប ដើម្បីបញ្ចប់ហានិភ័យ​នៃការទម្លាក់ចំនួនគីឡូ។

បើតាមស្ថិតិ​ពីក្រុមហ៊ុនវិភាគទិន្នន័យចំនួន២ នៅក្នុងប្រទេសបារាំង បានឲ្យដឹងថា រថយន្តមួយទឹក ពី ៣% ទៅ ៦% លក់ក្នុងប្រទេសមួយនេះ គឺត្រូវបានទម្លាក់ចំនួនគីឡូ។ ការក្លែងបន្លំចំនួនគីឡូបែបនេះ កាន់តែធ្វើឲ្យមានការស្មុគស្មាញខ្លាំង ដោយ​គេបានប្រើបច្ចេកទេស និងឧបករណ៍ថ្មីៗ បណ្តាលឲ្យមានការលំបាកដល់ការត្រួតពិនិត្យពីការបំពាននេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម