ស្របពេលដែលការទន្ទឹមរង់ចាំនៃការមកដល់របស់រថយន្ត Suzuki Jimny នៅក្នុងប្រទេសអូស្ត្រាលី កាន់តែប្រើពេលយូរទៅៗ ដោយសារតែតម្រូវការខ្ពស់ និងបញ្ហាកូវីដ១៩ ផងនោះ បានធ្វើឲ្យរថយន្ត Jimny ប្រភេទមួយទឹកៗ បន្តឡើងថ្លៃជាលំដាប់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Suzuki Jimny ម៉ូដែល GJ មួយទឹកចំនួន ៤៧គ្រឿង កំពុងដាក់លក់នៅលើវេបសាយ Carsales ក្នុងប្រទេសអូស្ត្រាលី ហើយពួកវាសុទ្ធតែលក់លើសតម្លៃដើមទាំងអស់ ខណៈតម្លៃថ្មី (Base Price) គឺ ២៨ ៤៩០ដុល្លារអូស្ត្រាលី ឬ ២១ ៩៧០ដុល្លារអាមេរិក។
ក្នុងនោះ រថយន្ត Jimny GJ មួយទឹកដែលមានតម្លៃថោកបំផុត គឺ ស៊េរីឆ្នាំ២០១៩ ប្រើរួច ៤១ ០០០គីឡូម៉ែត្រ ដោយដាក់លក់ក្នុងតម្លៃ ៣៤ ០០០ដុល្លារអូស្ត្រាលី ឬ ២៦ ២២០ដុល្លារអាមេរិក ពោលគឺលើសតម្លៃដើម ២០% ឯណោះ។
ដោយឡែក ចំពោះរថយន្ត Jimny GJ មួយទឹក ដែលមានតម្លៃថ្លៃបំផុតលើវេបសាយ Carsales នោះវិញ គឺម៉ូដែលឆ្នាំ២០២០ ប្រើរួច ១ ៦០០គីឡូម៉ែត្រ ដោយដាក់លក់ក្នុងតម្លៃ ៥០ ០០០ដុល្លារអូស្ត្រាលី ឬ ៣៨ ៥៦០ដុល្លារអាមេរិកឯណោះ៕