[ទីផ្សារបរទេស] រដ្ឋាភិបាលអូស្ត្រាលីកំពុងតែចាប់អនុវត្តន៍លើកម្មវិធីសុវត្ថិភាពដងផ្លូវតម្លៃ ២៤៥លានដុល្លារ ដែលក្នុងនោះមានបញ្ចូលនូវបច្ចេកទេសច្នៃប្រឌិតមួយចំនួនដើម្បីរក្សាសុវត្ថិភាពដល់អ្នកបើកបររថយន្ត/ម៉ូតូ អ្នកជិះកង់ និងទៅដល់អ្នកធ្វើដំណើរថ្មើរជើងផងដែរ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺការដាក់ចេញនូវផ្លូវដែលអាចភ្លឺនៅពេលមេឃងងឹត ដែលវាមានលក្ខណៈស្រដៀងនឹងផ្កាយដែលគេនិយមបិតលើដំបូលនៃបន្ទប់កាលពីក្មេងៗ ដោយផ្លូវនេះនឹងមានសភាពធម្មតានៅពេលថ្ងៃ ប៉ុន្តែនៅពេលយប់វានឹងប្រែជាភ្លឺទាក់ភ្នែកតែម្ដង។
ផ្អែកតាមរដ្ឋ Victoria បានឲ្យដឹងថាគំនិតច្នៃប្រឌិតនេះនឹងជួយឲ្យអ្នកបើកបរយានយន្តអាចដឹងច្បាស់អំពីផ្លូវបត់ ឬផ្លូវកោងដែលមាននៅខាងមុខ ហើយអាចឲ្យពួកគេបានឆ្លើយតបកាន់តែរហ័សជាងមុន តបទៅនឹងស្ថានភាពផ្លូវខាងមុខ។
ក្រុមហ៊ុន Tarmac Linemarking បានចែករំលែករូបភាពសាកល្បងប្រើប្រាស់លើដងផ្លូវមួយខ្សែ ដោយឃើញថាទោះបីជាមានភាពងងឹតខ្លាំងយ៉ាងណា ខ្សែលើដងផ្លូវនៅតែអាចមើលឃើញបានច្បាស់ដោយសារការប្រើប្រាស់ទឹកថ្នាំពិសេស៕