ដាច់ខ្លាំង! អ្នកទិញរថយន្ត Toyota Veloz Cross នៅវៀតណាមត្រូវរង់ចាំយ៉ាងតិច ២ ខែដើម្បីទទួលបានរថយន្ត

[ទីផ្សរបរទេស] កាលពីខែមិនា កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញរថយន្ត Toyota Veloz Cross និង Avanza Premio ស៊េរីឆ្នាំ ២០២២ នៅប្រទេសវៀតណាម ដែលត្រូវបាននាំចូលពីប្រទេសឥណ្ឌូនេស៊ីទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត។ សម្រាប់ម៉ូដែល Toyota Avanza Premio មានតម្លៃចាប់ពី ២៣ ៩៧៧ ដុល្លារ ដល់ ២៥ ៧៣៨ ដុល្លារ ខណៈពេលដែល Toyota Veloz Cross មានតម្លៃចាប់ពី ២៨ ៣៦៤ ដុល្លារ ដល់ ៣០ ១១៥ ដុល្លារ ។

ជាមួយនឹងតម្លៃដែលអាចទទួលយកបាន បូករួមជាមួយនឹងការរចនាថ្មី និងផ្ទៃខាងក្នុងធំទូលាយ ទាំង Veloz Cross និង Avanza Premio គឺធ្វើអោយមានការចាប់អារម្មណ៍ចំពោះអ្នកប្រើប្រាស់ជាច្រើន។ ក្នុងនោះ អ្នកចែកចាយជាច្រើនបានទទួលប្រាក់កក់សម្រាប់រថយន្ត ២ ម៉ូដែលនេះក្នុងមួយខែមុនពេលការចេញលក់រថយន្ត គឺមានការបញ្ជាទិញច្រើនណាស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅទីក្រុងហូជីមិញ អ្នកចែកចាយជាច្រើនបាននិយាយថា អតិថិជនដែលទិញរថយន្តម៉ាក Veloz Cross ស្តង់ដារនៅពេលនេះ នឹងទទួលបានរថយន្តនៅខែឧសភា ឬខែមិថុនា។ ខណៈពេលដែលប្រភេទកម្រិតខ្ពស់ត្រូវបានគេរំពឹងថានឹងចែកចាយរថយន្តនៅក្នុងខែកក្កដាឬខែសីហា។

ទន្ទឹមនឹងនេះ អ្នកប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន Toyota នៅទីក្រុង Can Tho បាននិយាយថា  “តម្រូវការរថយន្ត MPV ទាំងពីរម៉ូដែលនេះ គឺមានច្រើនណាស់ អ្នកចែកចាយមិនមានរថយន្តទៀតទេ ដើម្បីចែកចាយក្នុងខែមេសា ព្រោះរថយន្តទាំងនេះត្រូវបានអតិថិជនកក់ទុករួចហើយ។ ប្រសិនបើអ្នកបញ្ជាទិញរថយន្តក្នុងខែមីនា អាស្រ័យលើប្រភេទ និងពណ៌របស់រថយន្ត អ្នកប្រើប្រាស់ នឹងត្រូវរង់ចាំយ៉ាងហោចណាស់ ២ ខែដើម្បីទទួលរថយន្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកទិញ Toyota Veloz Cross មួយចំនួននៅតែអាចទទួលបានរថយន្តមុនកាលកំណត់ ប្រសិនបើពួកគេយល់ព្រមទិញរថយន្តជាមួយនឹងគ្រឿងបន្ថែម។

ជាមួយគ្នានេះ យោងតាមការណែនាំរបស់បុគ្គលិកផ្នែកលក់ ម៉ូដែលដែលមានគ្រឿងប្រើប្រាស់ទាំងនេះ គឺជារថយន្តរបស់អតិថិជនដែលបានកុម្ម៉ង់ទុកមុន ប៉ុន្តែបានបង់ប្រាក់កក់ហើយមិនបានទទួលរថយន្ត។ អតិថិជន​ដែល​ចង់​ទទួល​បាន​រថយន្ត​ឆាប់​ៗ​អាច​ទិញ​ម៉ូដែល​ទាំង​នេះ​បាន។

គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលម៉ូដែល Toyota កំពុងខ្វះខាត, មុនពេល Avanza Premio និង Veloz Cross ម៉ូដែលនាំចូលមួយចំនួនផ្សេងទៀតដូចជា Toyota Raize ឬ Toyota Land Cruiser ក៏មានស្ថានភាពស្រដៀងគ្នាដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម