
ក្នុងការវ៉ាជែងម្តងៗ អ្នកបើកបរត្រូវជែងទៅខាងឆ្វេង និងត្រូវដឹងច្បាស់ថា ការជែងនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ។
យោងតាមមាត្រា១៩ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម បានឲ្យដឹងថា នៅមុនពេលជែង អ្នកបើកបរត្រូវមើលឃើញច្បាស់ថា នៅខាងមុខគ្មានឧបសគ្គហើយអាចបើកបរចូលទៅក្នុងចរន្តចរាចរណ៍ប្រក្រតីវិញបាននៅពេលជែងរួច ដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃឡើយ ពោលគឺត្រូវដឹងច្បាស់ពីល្បឿនសមាមាត្ររវាងយានទាំងពីរ ដែលអាចជែងក្នុងរយៈពេលខ្លីបំផុតបាន។

ជាមួយគ្នានេះ អ្នកបើកបរក៏ត្រូវដឹងដែរថា គ្មានអ្នកបើកបរយានជំនិះណាមួយដែលនៅពីក្រោយខ្លួន ចាប់ផ្តើមសុំជែងខ្លួន ហើយអ្នកបើកយានជំនិះខាងមុខខ្លួន ក៏គ្មានឲ្យសញ្ញាសុំជែងដែរ។
ក្នុងពេលជែង ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្តូរទិសខាងឆ្វេង ហើយក្នុងករណីចាំបាច់ត្រូវប្រើបន្ថែមភ្លើងកូត ហ្វាឆ្លាស់គ្នានៅពេលយប់ ឬស៊ីផ្លេនៅពេលថ្ងៃ លើកលែងតែក្នុងទីប្រជុំជនដែលការប្រើប្រាស់ស៊ីផ្លេសុំជែង ត្រូវហាមឃាត់។ នៅពេលជែង ត្រូវបង្កើនល្បឿន និងទុកចន្លោះពីយានមួយទៀតយ៉ាងតិច ១ម៉ែត្រ។
យ៉ាងណាមិញ អ្នកបើកបរមិនត្រូវជែងដាច់ខាត ពេលស្ថិតនៅក្នុងករណីមួយចំនួនដូចជា៖ ជែងគ្នាជា៣ជួរ មានសញ្ញាហាមជែង ផ្លូវកោង ឬផ្លូវឡើងទួល នៅជិតផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល នៅកន្លែងមានដាក់សញ្ញាបន្ថយល្បឿន នៅលើស្ពាន ឬពេលចុះចំណោត នៅជិត ឬកន្លែងកំណាត់ផ្លូវដែលទុកសម្រាប់ថ្មើរជងើឆ្លងកាត់ នៅផ្លូវក្រោមស្ពាន ឬផ្លូវរូង នៅជិត ឬកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង នៅលើផ្លូវដែលមានទឹកលិច និងនៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំង ចុះអ័ព្ទខ្លាំង ដីហុយខ្លាំង ឬផ្សែងខ្លាំង៕
![]()























