
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការបើកទទួលការបញ្ជាទិញទុកមុននៅរថយន្ត Hyundai Palisade ស៊េរីថ្មីចុងក្រោយ មុនពេលចេញលក់ជាផ្លូវការនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៦៧ ៦១០ ដុល្លារ ។
Hyundai Palisade ថ្មីនេះ ជាការនាំចូលពីផ្សារកូរ៉េខាងត្បូង ផលិតឡើងនៅលើគ្រោងឆ្អឹង unibody platform ម៉ាស៊ីនកូនកាត Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣០ សេះ និងកម្លាំងរមួល ៤៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,៦៥ គីឡូវ៉ាត់ម៉ោង ដោយសាកថ្ម និងចាក់សាំងពេញ ៧២លីត្រ អាចបើកបរបានចម្ងាយ ១០០០ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក និងជារថយន្ត SUV ដំបូងគេរបស់ Hyundai ដែលបានបំពាក់ប្រព័ន្ធជើងក្រោម Electronic Controlled Suspension ហើយអាចសន្សំសំចៃសាំងច្រើនជាងមុន ៤៦% ។
សម្រាប់រថយន្តប្រភេទ SUV នេះមានទំហំធំជាងមុន ពោលគឺមានប្រវែងតួខ្លួនសរុប ៥ ០៦៥ ម.ម ទទឹង ១ ៩៨១ ម.ម កំពស់ ១ ៧០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧០ ម.ម ។ ផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មីទាំងស្រុង មានលក្ខណៈបែបជ្រុង ដោយប៉ាណាទំហំធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញថ្មី ដែលមើលទៅប្លែក ហើយទាក់ទាញជាងមុន ។
ចំពោះនៅផ្នែកខាងក្នុង Hyundai ផ្តល់នៅជម្រើសកាប៉ីន ៣ជួរ មាន ៧កៅអី ដល់ ៩កៅអី ទទួលបានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះ ទំហំសរុប ២៤,៦ អ៉ីញ រួមទាំងមានការតុបតែងលម្អដោយឈើ និងកញ្ចក់ការពារសំលេងរំខានពីខាងក្រៅជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Hyundai Smart Sense ADAS កម្រិតខ្ពស់ ដែលបញ្ចូលមុខងារសខាន់ៗ និងចាំបាច់ជាច្រើនទៀតផង ៕