រថយន្ត Land Cruiser 300 ស៊េរីថ្មីរបស់ Toyota បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើសលប់នៅក្នុងប្រទេសជប៉ុន។
ផ្ទុយទៅវិញ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើហាក់បីដូចជាមានការព្រួយបារម្ភថា អ្នកទិញរថយន្តប្រភេទ SUV មួយចំនួន ប្រហែលជាកំពុងស្វែងរកការលក់បន្ត ដែលអាចធ្វើទៅបានដល់ភាគីដែលមិនស្មោះត្រង់ (ជនខិលខូច ឬ ក្រុមឧក្រិដ្ឋជន)។
ជាមួយនឹងការបញ្ជាទិញមុនចំនួនជាង ២២ ០០០ គ្រឿងសម្រាប់ Land Cruiser 300 ស៊េរីថ្មី កាសែតជប៉ុន Creative311 បានរាយការណ៍ថា ក្រុមហ៊ុន Toyota Japan ឥឡូវនេះ តម្រូវឲ្យមានកិច្ចព្រមព្រៀងមួយដោយបញ្ជាក់ថា ក្រុមហ៊ុនរថយន្ត Land Cruiser ថ្មីដែលបានទិញទៅនឹងមិនត្រូវបានលក់ចេញបន្តវិញឡើយ។
ទោះជាយ៉ាងណាក៏ដោយ វាមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការដែលអាចលក់បន្តក្នុងកិច្ចសន្យាជាលាយលក្ខណ៍អក្សរនោះទេ ប៉ុន្តែគេសង្ស័យថាមានរយៈពេលមួយឆ្នាំទើបផុតកិច្ចសន្យានោះ។
គួរឲ្យដឹងថា ហេតុផលនៅពីក្រោយការរឹតត្បិតនេះ ហាក់បីដូចជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីការពាររថយន្ត Land Cruiser ថ្មី ពីការធ្លាក់ចូលទៅក្នុងដៃរបស់អ្នកដែលនាំមកនូវភាពអវិជ្ជមានដល់ម៉ាកយីហោ Toyota។ នាពេលកន្លងមក ក្រុមហ៊ុន Toyota បានប្រឈមមុខនឹងបញ្ហារួចហើយ ដោយរថយន្តរបស់ពួកគេបានក្លាយជារថយន្ដដឹកទំនិញសម្រាប់ក្រុមភេរវករ ដែលកំពុងប្រយុទ្ធគ្នានៅមជ្ឈឹមបូព៌ា៕