រថយន្ត Toyota Innova ជំនាន់ថ្មី បានបង្ហាញខ្លួនជាផ្លូវការកាលពីចុងឆ្នាំ ២០២២ កន្លងទៅ ជាមួយការផ្លាស់ប្តូរថ្មីជាច្រើន។ សម្រាប់អត្ថបទនេះ ក្រុមការងារ ខេមបូអូតូ នឹងធ្វើការលើកយកនូវចំណុចផ្លាស់ប្តូរធំៗថ្មីចំនួន ៥ចំនុចនៅលើរថយន្ត The all-new Toyota Innova ស៊េរីឆ្នាំ ២០២៣។
ចំនុចផ្លាស់ប្តូរទី១ គឺ គ្រោងឆ្អឹងថ្មី TNGA platform៖ Innova ជំនាន់ថ្មី នេះគឺបានធ្លាស់ប្តូរពីការប្រើប្រាស់នូវគ្រោងឆ្អឹង IMV ជំនាន់ចាស់ ជំនួសមកវិញនៅគ្រោងឆ្អឹង TNGA platform ដែលជាស្ថាបត្យកម្មថ្មីរបស់ Toyota គ្រោងឆ្អឹងដូច Toyota corolla cross ដែលមានភាពរឹងម៉ាំងាយស្រួលបត់បែន និងផ្តល់នូវផាសុកភាពផងដែរ។
ចំនុចផ្លាស់ប្តូរទី ២ គឺជម្រើសម៉ាស៊ីន៖ រួមជាមួយនឹងគ្រោងឆ្អឹងថ្មីរបស់ Innova ថ្មីទាំងស្រុងនេះក៏ទទួលបានការផ្លាស់ប្តូរនៅលើផ្នែកម៉ាស៊ីនផងដែរ។ ដោយ Toyota បានដកជម្រើសម៉ាស៊ីនម៉ាស៊ូតចេញ ជំនួសមកវិញនៅម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ មានកម្លាំង ១៧២ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ និងជម្រើសម៉ាស៊ីនកូនកាត់ Hybrid ប្រើប្រាស់សាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលរួមគ្នាអាចផលិតកម្លាំងបានសរុប ១៨៤ សេះ ដែលខ្លាំងជាងមុន និង smooth ជាងមុន។ ហើយប្រអប់លេខ ៦វគ្គជំនាន់មុន ក៏ដក់ចោល ដោយជំនួសមកវិញដោយប្រអប់លេខ CVT ១០ វគ្គវិញផងដែរ ចឹងប្រើក៏ប្រើ បើប្រើមិនអស់ព្យាយាមប្រើ។
ទី៣ គឺ ការឌីស្សាញនៅផ្នែកខាងក្រៅ ៖ Innova ជំនាន់ថ្មី បានធ្វើការរចនាចង្កៀងមុខ-ក្រោយជាប្រភេទ LED ថ្មី ប៉ាណាមុខក៏ប្តូរការរចនាថ្មី មានរាងជាសំណាញ់ដូចសំបុកឃ្មុំ ដូចគ្នាទៅរថយន្ត Toyota Corolla Cross នឹងកាងពារមុខដូចទៅនឹងរថយន្ត Toyota Fortuner និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញក៏ថ្មីផងដែរ ដែលធ្វើឲ្យរថយន្តកាន់តែមានរូបរាង premium ។
បន្ថែមពីនេះ MPV ជំនាន់ថ្មីនេះរាងធំជាងមុន តែស្រក់គីឡូជាងដល់ ១៧០គីឡូ និងមានប្រវែងគន្លាតកង់មុខក្រោយវែងជាងមុន ១០០ មម ទំហំផ្នែកខាងក្នុងធំជាងមុន ៥៦ ម.ម ។
ទី៤ គឺនៅផ្នែកខាងក្នុង ៖ Toyota Innova ជំនាន់ថ្មីបានតុបតែងកាប៊ីនខាងក្នុងប្រសើរជាងម៉ូដែលចាស់ដែលមើលទៅប្រណិតជាង នៅលើតាឡូវាត្រូវបានបំពាក់ដោយស្បែកពណ៌ដែលមើលទៅកាន់តែប្រណិតជាងមុន ហើយមានដំបូលកញ្ចក់បែប Panoramic sunroof ទំហំធំ។ លើសពីនេះ កៅអី captain seat នៅជួរទី២ អាចលៃតម្រូវបានដោយថាមពលអគ្គិសនី ជាមួយកន្លែងដាក់ជើងបន្ថែមផងដែរ។
អេក្រង់កំសាន្តទំហំ ១០ អ៊ីញ អាចភ្ជាប់ជាមួយទូរស័ព្ទ កុងទ័របង្ហាញព័ត៌មានថ្មីប្រភេទ TFT ទំហំ ៧ អ៊ីញ ។ ការបន្ថែម និងការផ្លាស់ប្តូរផ្សេងទៀតបើប្រៀបធៀបទៅនឹងជំនាន់មុន រួមមាន ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយនឹងមុខងារ auto hold និងកន្លែងសាកថ្មឥតខ្សែរ។
ចំនុចចុងក្រោយគឺ ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0៖ អ្វីដែលសំខាន់នោះ គឺរថយន្ត MPV ៧ កៅអី ជំនាន់ទី ៣ នេះបានបំពាក់បន្ថែមនៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដែលរួមបញ្ចូលនៅ
- ប្រព័ន្ធផ្តល់ដំណឹងការពារពីការបុកប៉ះ ជាមួយនឹងការចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ( forward-collision warning with autonomous emergency braking)
- ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង (Blind Spot Monitoring)
- ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លងផ្លូវ និងប្រព័ន្ធជំនួយមិនឲ្យចាកគន្លងផ្លូវ (lane-departure alert with lane-tracing assist)
- ប្រព័ន្ធកំណត់ល្បឿនពេលបើកបរជាដើម (dynamic radar cruise control)៕