អត់មាត់ៗ! Toyota ចាយលុយជិត ៣០០ពាន់លានដុល្លារ បង្កើតរោងចក្រនៅឥណ្ឌា​ ផលិតរថយន្តប្រចាំឆ្នាំបាន ៤០មុឺនគ្រឿង

កាលពីពេលថ្មីៗនេះ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅឥណ្ឌារបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Kirloskar Motor (TKM) បានធ្វើចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការជាមួយរដ្ឋាភិបាលរដ្ឋ Maharashtra ក្នុងការបង្កើតរោងចក្រផលិតរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងប្រទេសឥណ្ឌា។

កិច្ចព្រមព្រៀងនេះ មានការវិនិយោគប្រាក់ប្រមាណ ២៤១ ពាន់លាដុល្លារ ដើម្បីសាងសង់រោងចក្រនៅក្នុងទីក្រុង Chhatrapati Sambhajinagar រដ្ឋ Maharashtra ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ៤០ មុឺនគ្រឿង ដែលផ្តោតលើការផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់។ នៅពេលដែលបានការសាងសង់រោងចក្រនេះត្រូវបានបញ្ចប់ រោងចក្រនេះនឹងធ្វើឱ្យក្រុមហ៊ុន Toyota អាចមានសមត្ថភាពផលិតរថយន្តក្នុងទ្រង់ទ្រាយធំនៅក្នុងស្រុក ដោយបង្កើនសមត្ថភាពផលិតរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌារហូតដល់ ៨០ មុឺនគ្រឿងក្នុងមួយឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ក្រុមហ៊ុន Toyota បានចូលឈានជើងចូលទីផ្សារឥណ្ឌាក្នុងឆ្នាំ១៩៩៧ ហើយបច្ចុប្បន្នដំណើរការរោងចក្រចំនួន ២ នៅក្នុងរដ្ឋ Karnataka ។ ទោះបីជាមានវត្តមានជាយូរមកហើយក៏ដោយក៏ចំណែកទីផ្សាររបស់ក្រុមហ៊ុនតូយ៉ូតានៅក្នុងប្រទេសឥណ្ឌាមិនបានធ្វើឲក្រុមហ៊ុន Toyota ក្លាយជាក្រុមហ៊ុនកំពូលទាំង១០ ក្នុងទីផ្សារឥណ្ឌានោះឡើយដោយសារបញ្ហាកង្វះរថយន្ត តម្លៃ និងបញ្ហាផ្សេងៗទៀត។

បើយោងតាមវិទ្យាស្ថាន Korea Institute for International Economic Policy បាននិយាយថា ទីផ្សាររថយន្តឥណ្ឌា គឺជាទីផ្សារធំបំផុតទី៤ នៅលើពិភពលោកក្នុងឆ្នាំ២០២១ ដែលមានតម្លៃស្មើ ៣២,៧ ពាន់លានដុល្លារ ហើយវាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥៤,៨៤ ពាន់លានដុល្លារ នៅឆ្នាំ២០២៧ ដែលនឹងក្លាយជាទីផ្សារធំបំផុតទី៣ នៅក្នុងពិភពលោក។

គួរបញ្ជាក់ផងថា បច្ចុប្បន្ន ក្រុមហ៊ុន Hyundai គឺជាក្រុមហ៊ុនទី២ ដែលមានចំណែកទីផ្សារធំជាងគេនៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីក្រុមហ៊ុន Maruti Suzuki ។ កាល​ពី​ឆ្នាំ​មុនឆ្នាំ២០២៣ ក្រុមហ៊ុន Hyundai បានសហករណ៏​គ្នា​ជាមួយក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Kia ក្នុងការ​ផលិតរថយន្ត​ចំនួន ១,០៨៤,៨៧៨ គ្រឿង​ក្នុង​ប្រទេស​ឥណ្ឌា ដើម្បីពង្រឹងជំហររបស់ខ្លួនបន្ថែមទៀត បន្ថែមពីនេះទៀតសោក ក្រុមហ៊ុន Hyundai ក៏គ្រោងនឹងចុះបញ្ជីនៅផ្សារហ៊ុនឥណ្ឌានៅក្នុងឆ្នាំ២០២៤ នេះផងដែរ ដើម្បីទទួលបានមូលនិធិសម្រាប់ការវិនិយោគបន្ថែមនៅក្នុងទីផ្សារឥណ្ឌា។ សម្រាប់មូលនិធិនេះនឹងត្រូវរៃអង្គាសជាសាធារណៈ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានតួលេខចន្លោះពី ២,២ ពាន់លានដុល្លារ ទៅ ២,៩ ពាន់លានដុល្លារ ហើយដើមទុននេះត្រូវបានគេរំពឹងថានឹងត្រូវបានបណ្តាក់ទុនលើគ្រឿងបរិក្ខារសម្រាប់ផលិតយានយន្តដែលមិនប៉ះពាល់ដល់បរិស្ថានដូចជារថយន្តអគ្គិសនី និងរថយន្តកូនកាត់។

ចំពោះការអភិវឌ្ឍន៍រោងចក្រថ្មីនេះ បានធ្វើឲការប្រកួតប្រជែងរវាងក្រុមហ៊ុន Toyota និង Hyundai នៅក្នុងទីផ្សារប្រទេសឥណ្ឌា នឹងភាពតានតឹងកាន់តែខ្លាំងឡើងៗ នៅពេលដែលក្រុមហ៊ុនផលិតរថយន្តទាំងពីរបង្កើនការវិនិយោគរបស់ពួកគេនៅក្នុងការផលិតរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការប្រជែងគ្នានេះគឺជាផ្នែកមួយដើម្បីជំរុញទីផ្សាររថយន្តរបស់ប្រទេសឥណ្ឌាឲកាន់តែរីកចម្រើន រួមជាមួយការការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលកាបូនឌីអុកសុីតផងដែរ។

ជំរាបជូនផងថា ការគាំទ្រ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការបង្កើតរោងចក្រផលិតរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចដែលបានបង្ហាញដោយ MOU របស់ក្រុមហ៊ុន Toyota បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគសំខាន់ៗរបស់់ប្រទេសឥណ្ឌា។ ការវិវឌ្ឍន៍ទាំងនេះនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុកយ៉ាងច្រើន រួមទាំងការបង្កើតការងារ វឌ្ឍនភាពបច្ចេកវិទ្យា និងការរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុកជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម