ស្ងាត់ៗ! Hyundai បើករោងចក្រផលិតអាគុយ និងរោងចក្រតម្លើងរថយន្តអគ្គិសនីនៅថៃបាត់

ក្តៅៗ ហ៊ុយៗ ថ្មីៗនេះ ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានប្រកាសសម្រេចអនុម័តពាក្យស្នើសុំជំរុញការវិនិយោគរបស់ក្រុមហ៊ុន Hyundai Mobility Manufacturing (Thailand) Co., Ltd. ដែលជាក្រុមហ៊ុនចែកចាយផ្ទាល់របស់ក្រុមហ៊ុន Hyundai Motor Company របស់ប្រទេសកូរ៉េ ដើម្បីធ្វើការបើករោងចក្រតម្លើងរថយន្តអគ្គិសនី (BEV) និងអាគុយនៅក្នុងប្រទេសថៃ។

ក្រុមហ៊ុន Hyundai បានវិនិយោគទឹកប្រាក់ប្រាក់ប្រមាណ ២៨ លានដុល្លារ ក្នុងដំណាក់កាលទី១ នៃគម្រោងនេះ ដែលពួកគេឲឈ្មោះថា កញ្ចប់ EV 3.5។ គម្រោងនេះ ត្រូវបានរដ្ឋាភិបាលរបស់ប្រទេសថៃផ្ទាល់ផ្តល់ការសាទរជាខ្លាំងដោយផ្តល់ការលើកទឹកចិត្ត ដូចជាការឧបត្ថម្ភធនក្នុងរយៈពេល ៤ ឆ្នាំ (២០២៤-២០២៧) ។ គួរបញ្ចាក់ផងថា គម្រោងនេះត្រូវបានសហការណ៏គ្នាជាមួយក្រុមហ៊ុន Thonburi Automotive Assembly Plant Co., Ltd. ដែលជាដៃគូអាជីវកម្មយុទ្ធសាស្ត្ររបស់ប្រទេសថៃផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា នៅពេលគម្រោងត្រូវបានដំណើការ វានឹងផ្តល់ឥទ្ធិពលជាខ្លាំងដល់ប្រទេសថៃផ្ទាល់ រួមជាមួយគោលបំណងជំរុញការវិនិយោគដែលគ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មយាន្តយន្តថៃទាំងមូល ចាប់ពីរថយន្តរហូតដល់អាគុយ គ្រឿងបន្លាស់សំខាន់ៗ និងស្ថានីយ៍សាកថ្ម ជាដើម។ បន្ថែមពីលើនេះទៅទៀត លោក Narit Therdsteerasukdi អគ្គលេខាធិការ BOI បាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុន Hyundai ក្នុងវិស័យយាន្តយន្តរបស់ប្រទេសថៃ គឺជាការរួមចំណែកអភិវឌ្ឍន៍ទីផ្សារដ៏សំខាន់ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំរបស់ប្រទេសថៃ ហើយអនុញ្ញាតឱ្យក្រុមហ៊ុន Hyundai ទទួលបានផលប្រយោជន៍មិនតិចជាងមួយភាគបីឡើយ។

ជំរាបថា ថៃបានចាប់ផ្តើមអនុវត្តគោលនយោបាយ 30@30 របស់ខ្លួនតាំងពីឆ្នាំ២០២១ មកម្លេះ ដើម្បីផ្លាស់ប្តូរការប្រើប្រាស់រថយន្តក្នុងប្រទេសខ្លួនចំនួន ៣០ ភាគរយ ទៅជាការប្រើប្រាស់រថយន្តអគ្គិសនីវិញនៅត្រឹមឆ្នាំ២០៣០ រួមជាមួយក្តីរំពឹងថាប្រទេសថៃនឹងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជាប់ចំណាត់ថ្នាក់កំពូលទាំង១០ នៅលើពិភពលោកក្នុុងនាមជាប្រទេសដែលមានការអភិវឌ្ឍន៍វិស័យយាន្តយន្តអគ្គិសនីល្អជាងគេ។ លើសពីនេះទៅទៀត គិតមកទល់ពេលនេះ មានក្រុមហ៊ុនផលិតរថយន្តចំនួន ១៨ ហើយដែលបានបណ្តាក់ទុនក្នុងប្រទេសថៃ ដូចជាក្រុមហ៊ុនចិន និងជប៉ុន ហើយពួកគេគ្រោងនឹងបើកដំណើរការសង្វាក់ផលិតកម្មរថយន្តអគ្គិសនីរបស់ពួកគេក្នុងរយៈពេល ២ ឆ្នាំខាងមុខទៀតនេះ។

សម្រាប់រដ្ឋាភិបាលប្រទេស​ថៃ​ផ្ទាល់ បានបរិច្ចាកប្រាក់មូលនិធិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ប្រមាណ ២,២ ពាន់លានដុល្លារ  ដើម្បី​បង្ហាញ​ថា ប្រទេស​ថៃបាន​ប្តេជ្ញា​ចិត្តក្នុងការក្លាយ​ជា​​ទីផ្សារ​ផ្គត់ផ្គងរថយន្ត​អគ្គិសនី​នៅលើពិភពលោក។

បើយោងតាមគេហទំព័រសារព៌ត័មាន ​​Global EV Outlook 2024 បាននិយាយថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ នេះ ការលក់រថយន្តអគ្គិសនីនៅជុំវិញពិភពលោកបានកើនឡើងប្រហែល ២៥ ភាគរយ បើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ២០២៣ កន្លងទៅ។ សម្រាប់ការលក់រថយន្ត EV អាចឈានដល់ចំនួន ១៧ លានគ្រឿងនៅក្នុងឆ្នាំ២០២៤ នេះ មានន័យថា ក្នុងចំណោមរថយន្ត ៥ គ្រឿង ការប្រើប្រាស់រថយន្តអគ្គិសនីគឺមាន ២ គ្រឿង​ទៅហើយក្នុងចំណោមរថយន្តដែលត្រូវបានលក់នៅទូទាំងពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម