ក្រុមហ៊ុន Bentley បានប្រកាសចេញរថយន្ត SUV ម៉ូដែល Bentayga ស៊េរីឆ្នាំ២០២១ ប្រភេទ ៤កៅអីថ្មី ដែលផ្តល់នូវផាសុកភាពកាន់តែខ្លាំង សម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយ។
កៅអីក្រោយលើ Bentayga ឆ្នាំ២០២១ ត្រូវបានឌីហ្សាញឡើងវិញថ្មីទាំងស្រុង ដោយផ្តល់កន្លែងដាក់ជើងកាន់តែទូលាយជាងមុន ១០០មីល្លីម៉ែត្រ ហើយអាចកាច់ទេរមកក្រោយកាន់តែទាបជាងមុន ពី ៣២ ទៅ ៤០ដឺក្រេ។ មិនតែប៉ុណ្ណោះ កៅអីនេះកាន់តែអោបអ្នកដំណើរជាងមុន ជាពិសេសត្រង់កន្លែងស្មា ដែលផ្តល់ផាសុកភាពកាន់តែប្រសើរថែមមួយកម្រិតទៀត។
កៅអីដែល Bentley ហៅថា “Four Seat Comfort Specification” នេះ ក៏បានបន្ថែមមុខងារបាញ់ខ្យល់, មុខងារម៉ាស្សា ៦បែបខុសៗគ្នា និង ខ្នើយកើយមួយផងដែរ។ ក្នុងនោះ អ្នកដំណើរផ្នែកខាងក្រោយអាចបញ្ជាមុខងារកៅអីរបស់ខ្លួន តាមរយៈអេក្រង់ Touchscreen ទំហំធំជាងមុនថ្មី គឺទំហំ ៥អ៊ីញ៕