ក្រុមហ៊ុន MG Motor ប្រចាំប្រទេសឥណ្ឌា ទទួលបានជោគជ័យជាខ្លាំង ដោយអាចទទួលបានការកក់ទិញរហូតដល់ ២ ម៉ឺនគ្រឿងលើរថយន្ត SUV ស៊េរីថ្មីម៉ូដែល Hector ក្រោយពីចេញលក់បាន ៤៥ ថ្ងៃ។
ដោយសារមិនបានរំពឹងទុកថាមានអ្នកកក់ទិញច្រើនបែបនេះ ក្រុមហ៊ុនបានសម្រេចបញ្ឈប់ទទួលការកក់ទិញជាបណ្ដោះអាសន្ន ដោយសារចំនួនរថយន្តសម្រាប់លក់ឆ្នាំនេះ បានអស់ពីស្តុកទៅហើយ។
MG Motor India ពេលនេះកំពុងខិតខំបង្កើនចំនួនផលិតនៅរោងចក្រ Halol ឲ្យបាន ៣០០០ គ្រឿងក្នុងមួយខែ ដែលអាចទទួលបាននៅខែតុលា ឆ្នាំ ២០១៩ ខាងមុខ។ ក្រុមហ៊ុននេះលក់រថយន្ត Hector ចំនួន ៤ ប្រភេទ មានប្រភេទ Style, Super, Smart និង Sharp ដោយមានតម្លៃចាប់ផ្ដើមពីប្រមាណ ១៨ ៥៧០ ដុល្លារ។
រថយន្ត Hector មានជម្រើសម៉ាស៊ីន Turbocharged ចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១៤៣ សេះ និងមានជម្រើសម៉ាស៊ីនម៉ាស៊ូតប្រភេទ Turbocharged ចំណុះ ២,០ លីត្រ បង្កើតកម្លាំងបាន ១៧០ សេះ។ រថយន្តនេះក៏មានជម្រើសម៉ាស៊ីនសាំងប្រើប្រព័ន្ធ Hybrid ផងដែរ។ ជម្រើសប្រអប់លេខវិញគឺមានស្វ័យប្រវត្តិ ៦ វគ្គ និងលេខដៃ ៦ វគ្គ។
ចំពោះប្រភេទ Hybrid ប្រេងមួយលីត្រជិះបានចម្ងាយ ១៥,៨១ គ.ម។ ប្រភេទប្រេងសាំងប្រើលេខដៃ ១ លីត្រជិះបាន ១៤,១៦ គ.ម ប្រភេទប្រើលេខស្វ័យប្រវត្តិជិះបាន ១៣,៩៦ គ.ម។ ចំណែកប្រភេទម៉ាស៊ូតប្រេង ១ លីត្រជិះបាន ១៧,៤១ គ.ម។
រថយន្តនេះក៏មានមុខងារទំនើបៗដូចជា អេក្រង់ Touch ទំហំ ១០,៤ អ៊ីញ សម្រាប់បញ្ជាមុខងារផ្សេងៗនិងបម្រើការកម្សាន្ត, Sensor ជំនួយដល់ការចត, កាមេរ៉ាមើលឃើញ ៣៦០ ដឺក្រេ, ភ្លើងខាងក្នុងមាន ៨ ពណ៌, កៅអីអាចសារ៉េបាន ៤ បែប និងប្រើប្រព័ន្ធសំឡេង Infinity ទៀតផង៕