SsangYong ចាប់ផ្ដើមឲ្យតម្រុយអំពីឡានអគ្គិសនីដំបូងបំផុតរបស់ខ្លួន

ក្រុមហ៊ុន​រថយន្ត​កូរ៉េ​ខាង​ត្បូង​ SsangYong ​បាន​បង្ហាញ​ចេញ​រូបភាព Teaser ដំបូង​ ដែល​បង្ហាញ​អំពី​រូបរាង​រថយន្ត​អគ្គិសនី ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឆមាស​ទី​មួយ​ឆ្នាំ ២០២១ ខាង​មុខ។

រថយន្ត​អគ្គិសនី​ដំបូង​របស់ SsangYong គឺ​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត​ SsangYong Korando ហើយ​បើ​តាម​រូបភាព​ Teaser បាន​បង្ហាញ​ថា​វា​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ខុស​ពី​រថយន្ត​ Korando។ ជាក់ស្ដែង​នៅ​ផ្នែក​ខាង​មុខ​គឺ​ផ្លាស់​ត្រង់​ប៉ាណា​ ដែល​ប្ដូរ​ពី​ប្រភេទ​មាន​រន្ធ​ដូច​ជា​សំណាញ់ មក​ជា​ប្រភេទ​បិទ​ជិត​វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​អគ្គិសនី​ SsangYong បង្កើត​​ឡើង​ក្រោម​គម្រោង​ការ​ឈ្មោះ​ថា​ Korando E100 ដែល​នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ ផលិត​កម្លាំង​បាន ១៨៨​សេះ។ កម្លាំង​នេះ​បាន​ពី​អាគុយ​ទំហំ ៦១,៥ kWh ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន LG Chem អាច​ជិះ​បាន​ចម្ងាយ​ប្រមាណ ៤២០​គីឡូម៉ែត្រ។

​កាល​ពី​ឆ្នាំ​មុន SsangYong បាន​និយាយ​ថា​រថយន្ត​អគ្គិសនី​របស់​ខ្លួន នឹង​មាន​សន្ទុះ​ខ្លាំង​បំផុត​ ប៉ុន្តែ​ល្បឿន​អតិបរមា​បាន​កំណត់​ត្រឹម ១៥៣គ.ម/ម៉ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​អាគុយ​ឆាប់​ថយ​ចុះ​គុណភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម