Genesis បានសាងខ្លួនក្លាយជាម៉ាករថយន្តប្រណីតដែលលក់ដាច់បានច្រើនជាងគេក្នុងប្រទេសកូរ៉េខាងត្បូងដែលជាទឹកដីកំណើត ដោយបានយកឈ្នះម៉ាក Mercedes-Benz។
គិតចាប់ពីខែមករា ដល់ខែកក្កដា ម៉ាក Genesis អាចលក់ចេញបាន ៦០ ០០៦គ្រឿង នៅកូរ៉េខាងត្បូង ប្រៀបនឹង Mercedes-Benz លក់បាន ៤១ ៥៨៣គ្រឿង និង BMW លក់ចេញបាន ២៩ ២៤៦គ្រឿង។ តួលេខរបស់ Genesis មានកំណើនរហូតដល់ ៦៥% ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។
គួរដឹងថា Genesis ធ្លាប់បានយកឈ្នះម៉ាករថយន្តអាល្លឺម៉ង់ម្ដងដែរកាលពីឆ្នាំ ២០១៦។ យ៉ាងណាក្ដីរយៈពេល ៣ឆ្នាំចុងក្រោយ តំណែងកំពូលត្រូវបាន Mercedes-Benz ដណ្ដើមយកបាន ហើយ Genesis ថែមទាំងចាញ់ច្រាប BMW ក្នុងឆ្នាំ ២០១៧ និង ២០១៨ ផងដែរ។
កត្តាដែលនាំឲ្យ Genesis ជោគជ័យនាឆ្នាំនេះគឺដោយសារតែរថយន្ត SUV ប្រណីត GV80 ដែលបានចេញលក់លើទីផ្សារក្នុងស្រុកនាខែមីនា។ គិតមកដល់ខែកក្កដានេះ Genesis អាចលក់ SUV របស់ខ្លួនបានចំនួន ២០ ០១៦គ្រឿង ជិតដល់គោលដៅកំណត់សម្រាប់ឆ្នាំ ២០២០ ដែលកំណត់ថានឹងលក់ឲ្យបាន ២៤ ០០០គ្រឿង៕