ឡាន Sedan កម្លាំងខ្លាំង និងលឿនបំផុតលើលោក ចេញតម្លៃលក់ហើយ!

ក្រុមហ៊ុនរថយន្តអាមេរិក Dodge បានប្រកាសពីតម្លៃនៃត្រកូល Charger ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនោះ រថយន្ត Dodge Charger SRT Hellcat Redeye ដែលជាម៉ូដែលកប់បំផុត មានតម្លៃចាប់ពី ៧៨ ៥៩៥ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged V8 មានកម្លាំង ៧៩៧សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ មានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dodge អះអាងថា ម៉ាស៊ីននេះធ្វើឲ្យរថយន្ត Charger SRT Hellcat Redeye ក្លាយជា Sedan ដែលគេផលិតច្រើនគ្រឿងមានកម្លាំងខ្លាំង និងលឿនបំផុតលើពិភពលោក។

ក្រៅពីម៉ូដែលខាងលើ Dodge ក៏មានជម្រើស Charger SRT Hellcat ធម្មតា ដែលមានតម្លៃចាប់ពី ៦៩ ៩៩៥ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged V8 មានកម្លាំង ៧១៧សេះ។ បន្ទាប់មកគឺ Charger Scat Pack មានតម្លៃចាប់ពី ៤១ ០៩៥ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ V8 មានកម្លាំង ៤៨៥សេះ។

បន្ថែមពីនេះ ក៏មានម៉ូដែល Charger R/T តម្លៃចាប់ពី ៣៦ ៩៩៥ដុល្លារ ប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៧០សេះ និង Charger SXT តម្លៃចាប់ពី ២៩ ៩៩៥ដុល្លារ ប្រើម៉ាស៊ីនចំណុះ ៣,៦លីត្រ V6 មានកម្លាំង ២៩២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម