Isuzu D-Max X-Series តែងខ្លួនម៉ាអេម តម្លៃមិនដល់ ៣ ម៉ឺនដុល្លារ

នាពេលថ្មីៗនេះ ក្រុមហ៊ុន​ Isuzu បាន​បញ្ចេញ Pickup ម៉ូដែល​ពិសេស D-Max X-Series (Limited Edition) នៅក្នុងប្រទេសម៉ាឡេស៊ី ដោយ​បន្ថែម​នូវ​ការតុបតែងមួយ​ចំនួន ដើម្បី​ឲ្យ​វា​មាន​រូបរាង​បែប​ស្ព័រ​យ៉ាង​ឡូយ។

D-Max X-Series នេះ​មាន​ចំនួន ២ ជម្រើស គឺ​ប្រភេទ​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត ចំណុះ ២,៥ លីត្រ មានកម្លាំង ១៣៤ សេះ និង ចំណុះ ៣,០ លីត្រ មានកម្លាំង ១៧៤ សេះ ដំណើរការជាមួយ​ប្រអប់លេខអូតូ ៥ វគ្គ។ ​វា​មាន​តម្លៃ​ចាប់​ពី ២៩ ០០០ ដុល្លារឡើងទៅលើទីផ្សារប្រទេសម៉ាឡេស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់នេះបាន​ធ្វើ​កំណែ​រូបរាង​យ៉ាង​ពិសេស ជា​ពិសេស​គឺ​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ ជាមួយ​នឹង​ការ​លេង​តែម​ពណ៌​យ៉ាង​ស្រស់​ឆើតឆាយ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ផ្នែក​ខាង​ក្នុង​របស់ D-Max X-Series បាន​បំពាក់​កៅអី​ស្បែក​ពណ៌​ក្រហម​លាយ​ខ្មៅ​យ៉ាង​ទាក់ទាញ រួមទាំង កម្រាល​ជើង​ពិសេស និង កាមេរ៉ា ៣៦០ ដឺក្រេ ទៀត​ផង។

ក្រៅ​ពី​នេះ វា​បាន​បំពាក់​ដូច D-Max ធម្មតា​ដែរ គឺ អំពូល​បំភ្លឺ​ពេល​ថ្ងៃ​ប្រភេទ LED , ចង្កៀង​ក្រោយ LED , យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៨ អ៊ីញ , ប្រព័ន្ធ​ចូល​រថយន្ត​មិន​បាច់​ប្រើ​សោរ , ប៊ូតង់​បញ្ឆេះ​ម៉ាស៊ីន , ម៉ាស៊ីន​ត្រជាក់​ស្វ័យប្រវត្តិ , កាមេរ៉ា​ក្រោយ , អេក្រង់​ទំហំ ៨ អ៊ីញ និង Speaker ចំនួន ៨ គ្រាប់។

លើស​ពី​នេះ​ទៅ​ទៀត D-Max បាន​បំពាក់​ពោង​សុវត្ថិភាព​ចំនួន ២ , ប្រព័ន្ធ​ហ្វ្រាំង ABS ជាមួយ EBD និង​ហ្វ្រាំង​ជំនួយ ព្រមទាំង ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម