ផ្អែកតាមការចុះផ្សាយរបស់ Car Magazine បានឲ្យដឹងថាសម្ព័ន្ធ Volkswagen Group បានសម្រេចចិត្តលក់ម៉ាករថយន្ត Bugatti ទៅឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ក្រូអាតឈ្មោះថា Rimac Automobili។
បើផ្អែកតាមប្រភពដែលជិតដិតនឹងរឿងនេះបានបញ្ជាក់ឲ្យដឹងថា ការជួញដូរត្រូវទទួលបានការអនុញ្ញាតពីសំណាក់ថ្នាក់ដឹកនាំ VW Group កាលពីសប្ដាហ៍កន្លងទៅ ប៉ុន្តែប្រធានក្រុមប្រឹក្សាភិបាលនៅមិនទាន់បោះត្រាអនុញ្ញាតនៅឡើយទេ។ ទោះបីជាលក់ចេញមែន ប៉ុន្តែមួយផ្នែកនៃ Bugatti នឹងត្រូវមានទំនាក់ទំនងជាមួយ VW Group ដដែល ដោយសារម៉ាក Porsche មានកាន់កាប់ភាគហ៊ុន ១៥,៥% ក្នុងក្រុមហ៊ុន Rimac Automobili។
បញ្ជាក់ដែរថា ការចុះផ្សាយរបស់ Car Magazine បានឲ្យដឹងថាម៉ាករថយន្តផ្សេងទៀតដែលជ្រកក្រោមដំបូល VW Group មានដូចជា Lamborghini, SEAT, Italdesign និង Ducati ក៏កំពុងស្ថិតក្រោមពិចារណាលក់ចេញឲ្យក្រុមហ៊ុនដទៃផងដែរ៕