រថយន្ត Tesla Model S Plaid ត្រូវបានក្រុមហ៊ុនរថយន្ត Tesla បង្ហើបអំពីវត្តមានរបស់វា ដែលរថយន្តនេះទំនងជាចង់ទាញចំណាប់អារម្មណ៍ពីរថយន្តអគ្គិសនី Lucid Air។
រថយន្តលំដាប់ Flagship ថ្មីរបស់ Tesla មានដំណើរការដោយម៉ូទ័រអគ្គិសនីបី ដែលសរុបចូលគ្នាអាចបង្កើតកម្លាំងបានជាង ១១០០សេះ។ Tesla និយាយថាវាអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលមិនដល់ ២វិនាទីឡើយ និងមានល្បឿនអតិបរមា ៣២០គ.ម/ម៉ ឯណោះ។ ប្រសិនបើវាពិតជាស្ទុះខ្លាំងបែបនេះមែនពេលចេញលក់ជាផ្លូវការ នោះ Tesla Model S Plaid នឹងក្លាយជារថយន្តដែលស្ទុះខ្លាំងជាងគេក្នុងលោក។
រថយន្ត Model S Plaid មិនត្រឹមតែមានកម្លាំងខ្លាំងក្លាបំផុតនោះទេ ប៉ុន្តែវាក៏មានផ្ដល់នូវរយៈចម្ងាយបើកបរបានដល់ជាង ៨៣៦គីឡូម៉ែត្រ សម្រាប់ការសាកពេញម្ដងៗ។ ចំពោះតម្លៃរបស់រថយន្តនេះគឺ ១៣៩ ៩៩០ដុល្លារ ដែលរំពឹងថាចេញលក់នៅចុងឆ្នាំ ២០២១៕