រថយន្ត Infiniti QX60 មានអាយុកាលជិត ១០ឆ្នាំទៅហើយ ប៉ុន្តែវានៅតែជារថយន្តដែលលក់ដាច់បំផុតមួយរបស់ម៉ាកជប៉ុននេះ។ ដោយសារតែមូលហេតុនេះ ទើប Infiniti បានចេញគំរូរថយន្ត QX60 ថ្មី ហៅថា QX60 Monograph។
QX60 Monograph ត្រូវបានក្រុមហ៊ុនពិព័រនាថា “លើសពីការសិក្សាលើការឌីហ្សាញ” ឬ “គំរូរថយន្ត” ដោយផ្តល់នូវការឌីហ្សាញស្ទើររួចរាល់ទាំងស្រុង (Production Model) ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តជប៉ុនខាងលើ មិនបានបង្ហាញឲ្យឃើញនូវទិដ្ឋភាពផ្នែកខាងក្នុងឡើយ ប៉ុន្តែបញ្ជាក់ថា QX60 នឹងនៅតែផ្តល់កៅអី ៣ជួរ។ មិនតែប៉ុណ្ណោះ គេសន្និដ្ឋានថា វាអាចនឹងប្រើម៉ាស៊ីនចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ ថែមទៀតផង។
គួរឲ្យដឹងថា QX60 បច្ចុប្បន្ននេះមានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៩៥សេះ ដំណើរការដោយប្រអប់លេខអូតូ CVT៕