រថយន្ត Mercedes-Benz E-Class ស៊េរីថ្មីបានបង្ហាញខ្លួនជាផ្លូវការ ដោយមានជាជម្រើសប្រភេទ Sedan និង Wagon ។
វាបានធ្វើកំណែគួរឲ្យកត់សម្គាល់ខ្លះៗ រួមទាំង ប្រព័ន្ធជំនួយការបើកបរចុងក្រោយបង្អស់ ដែលបានខ្ចីពីសិស្សច្បង គឺ Mercedes-Benz S-Class ទៀតផង។ ម៉ូដែល E-Class ឥឡូវនេះ អាចដំណើរការជាមួយនឹងប្រព័ន្ធ Adaptive Cruise Control (ACC) និង Semi-Autonomous Steering ដែលជួយកែតម្រូវល្បឿនរបស់រថយន្តដោយស្វ័យប្រវត្តិ នៅពេលដល់ផ្លូវកោង , ផ្លូវប្រសព្វ និងរង្វង់មូល ដោយការប្រើទិន្នន័យពីប្រព័ន្ធផ្កាយរណប។
ចំណែកឯកាប៊ីនផ្នែកខាងក្នុងវិញ ក៏ទទួលបានការកែប្រែមួយចំនួនផងដែរ។ ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ រួមមាន ចង្កូតថ្មី , ការបញ្ជាមុខងារ Cruise Control នៅលើដៃចង្កូតផ្ទាល់ និង តាប្លូថ្មី ជាដើម។
Mercedes-Benz ម៉ូដែល E-Class E400d 4Matic (ជំនួស E350d) ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ ប្រភេទ Twin-Turbo ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣៣៥ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩ វគ្គ អាចស្ទុះពីល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៩ វិនាទី (៥,១ វិនាទីសម្រាប់ប្រភេទ Wagon)។ បើទោះបីជាប្រើម៉ាស៊ីនរហូតដល់ទៅ ៦ ប៉ុន្តែវាមានកម្រិតស៊ីប្រេងតិចបំផុត ត្រឹមតែ ៥,៥ លីត្រ ទៅ ៥,៨ លីត្រប៉ុណ្ណោះក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
ចំណែកឯប្រភេទ AMG វិញ E43 ត្រូវបានជំនួសដោយ E53 ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Twin-Turbo ទំហំ ៦ ស៊ីឡាំង ជាមួយនឹង Electric Auxiliary Compressor មានកម្លាំង ៤២៩ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩ វគ្គ និងប្រ័ពន្ធប៉ុង ២ ប្រភេទ 4Matic+ AWD។ វាអាចស្ទុះពីល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៥ វិនាទី និងមានល្បឿនអតិបរិមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕