ក្នុងត្រីមាសទីបីនៃឆ្នាំ ២០២០ នេះ ម៉ាកជប៉ុន Lexus បាននាំមុខគូប្រជែងពីរមកពីអាល្លឺម៉ង់ ក្លាយជាក្រុមហ៊ុនដែលអាចលក់រថយន្តប្រណីតបានច្រើនជាងគេនៅលើទីផ្សារសហរដ្ឋអាមេរិក។
រយៈពេលបីខែចុងក្រោយកន្លងមកនេះ (កក្កដា-កញ្ញា) Lexus អាចលក់រថយន្តបានសរុប ៧៥ ២៨៥គ្រឿង ខណៈ Mercedes អាចលក់បាន ៦៩ ៦៣១គ្រឿង និង BMW អាចលក់រថយន្តបាន ៦៩ ៥៧០គ្រឿង។ ហេតុផលពីក្រោយជោគជ័យនៃការលក់ប្រចាំត្រីមាសទីបីនេះ ទំនងដោយសារ Lexus អាចរក្សាចំនួនរថយន្តសម្រាប់ផ្គត់ផ្គង់ដល់អតិថិជនបានល្អ ខណៈក្រុមហ៊ុនពីរទៀតប្រឈមមុខបញ្ហាផ្គត់ផ្គង់ដោយសារជំងឺកូវីដ១៩។
ជោគជ័យក្នុងត្រីមាសទីបីនេះដែរ មិនមានន័យថា Lexus អាចនឹងផ្ដួល BMW និង Mercedes សម្រាប់ចំនួនលក់ពេញមួយឆ្នាំ ២០២០ នេះទេ ដោយសារនៅសល់រយៈពេល ៣ខែ។ ប៉ុន្តែបើសង្កេតមើលចំនួនលក់សរុបគិតត្រឹមបច្ចុប្បន្ននៃម៉ាករថយន្តទាំងបីឃើញថាម៉ាករថយន្តទាំងបីកំពុងតែប្រកៀកប្រកិតគ្នាខ្លាំង។
រយៈពេល៩ខែដំបូងនៃឆ្នាំ ២០២០ នេះ Lexus អាចលក់រថយន្តបាន ១៨២ ០៨៧គ្រឿង, BMW អាចលក់រថយន្តបាន ១៧៩ ៩៨២គ្រឿង និង Mercedes អាចលក់រថយន្តបាន ១៩៦ ៨៣៨គ្រឿង៕