តួលេខរាប់ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ ២០២០ បានបង្ហាញថាក្រុមហ៊ុនរថយន្ត Ferrari គឺរងគ្រោះខ្លាំងគួរសមពីវិបត្តិកូវីដ១៩ ដោយក្នុងរយៈពេល៩ខែ ក្រុមហ៊ុនអាចលក់រថយន្តបាន ៦ ៤៤០គ្រឿង មានការធ្លាក់ចុះ ១៧% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន ដែលលក់បាន ៧ ៧៥៥គ្រឿង។
ចំនួនលក់នៅប្រទេសចិន ហុងកុង និងតៃវ៉ាន់បានធ្លាក់ចុះពី ៧៧៦គ្រឿង មកនៅត្រឹម ១៨១គ្រឿង ហើយ (ធ្លាក់ចុះ ៧៧%) ហើយនៅទីផ្សារអាស៊ី-ប៉ាស៊ីហ្វិកធ្លាក់ចុះពី ១ ១៣៧គ្រឿង មកនៅ ១ ១១៤គ្រឿង។ នៅអាមេរិកវិញមានការធ្លាក់ចុះ ២៩% ប៉ុន្តែនៅតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកសរុបទៅធ្លាក់ចុះ ១% ប៉ុណ្ណោះ។
បើគិតតែក្នុងត្រីមាសទីបី (ពីខែកក្កដាដល់ខែកញ្ញា) នៃឆ្នាំ ២០២០ នេះ ចំនួនលក់របស់ Ferrari មានការធ្លាក់ចុះ ៦,៥% ដោយអាចលក់ចេញបានចំនួន ២ ៣១៣គ្រឿង ធ្លាក់ចុះ ១៦១គ្រឿង បើធៀបឆ្នាំមុន៕