Ford បានធ្វើកំណែ F-150 Raptor ឆ្នាំ ២០១៩ ដោយសហការជាមួយក្រុមហ៊ុនដ៏ល្បី FOX Racing ដើម្បីបង្កើតប្រព័ន្ធបូមថ្មីមួយដែលគ្រប់គ្រងដោយអេឡិចត្រូនិច ហៅថា Live Valve។
ប្រព័ន្ធនេះអាចកាត់បន្ថយការរលាក់ពីផ្លូវ នៅក្នុងពេលវេលាជាក់ស្តែង ដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា (Sensor) នៅក្នុងប្រព័ន្ធប៊ូម និង តួខ្លួនរថយន្ត ដែលអាចជួយបង្កើននូវផាសុខភាព និង ការយកចង្កូត ជាដើម។
បច្ចេកវិទ្យាបូម Live Value នេះ ត្រូវដំណើរការជាមួយប្រព័ន្ធគ្រប់គ្រងស្ថានភាពផ្លូវ Terrain Management System។ ក្រៅពីនេះ វាក៏អនុញ្ញាតឲ្យរថយន្តភីកអាប់ខាងលើ បើកបរលើស្ថានភាពផ្លូវលំបាកក្នុងល្បឿនលឿនកាន់តែប្រសើរជាងមុនផងដែរ។
លោក Hermann Salenbauch នាយកផ្នែក Ford Performance បាននិយាយថា ឡាន Pickup មិនច្រើនទេដែលត្រូវការ Sensor ដើម្បីចាប់សញ្ញា នៅពេលបើកកាត់ទួលហោះផុតពីដី។ F-150 Raptor អាចកំណត់បូមឲ្យរឹងមាំបំផុតដោយខ្លួនឯង ដើម្បីជួយទប់នៅពេលធ្លាក់ចុះមកដីវិញ។
ទោះបីជាយ៉ាងណា F-150 Raptor ស៊េរីឆ្នាំ ២០១៩ នេះ ក៏បានកែប្រែផ្នែកខាងក្នុងមួយចំនួនផងដែរ ជាពិសេសបានបំពាក់កៅអីស្ព័ររបស់ក្រុមហ៊ុន Recaro ដែលជួយឱបអ្នកដំណើរ ក៏ដូចជាអ្នកបើកបរឲ្យនៅនឹងកន្លែងបានល្អ នៅពេលបើកផ្លូវកោង។
លើសពីនេះទៅទៀត វាផ្តល់ពណ៌ថ្មីរហូតដល់ទៅ ៣ ជម្រើស គឺ ពណ៌ខៀវ (Ford Performance Blue) , ពណ៌ខៀវ (Velocity Blue) និង ពណ៌ខ្មៅ (Agate Black)។
Ford F-150 Raptor ប្រើម៉ាស៊ីន EcoBoost ចំណុះ ៣,៥ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៤៥០ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ១០ វគ្គ ហើយមានល្បឿនអតិបរមា ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង៕