ក្រុមហ៊ុនតូយ៉ូតា នឹងធ្វើការបន្ថែមម៉ូឌែលប្រភេទស្ព័រ GR Sport ទៅលើរថយន្ត CH-R ២០២១ សម្រាប់ទីផ្សារអឺរ៉ុប។ រថយន្តនោះនឹងត្រូវបានគេរចនាយ៉ាងពិសេសទាំងក្នុង និងក្រៅសម្រាប់ម៉ូឌែលថ្មីនេះ រួមជាមួយការអភិវឌ្ឍន៌បន្ថែមទៅលើដៃចង្កូត និងប៉ូមដើម្បីអោយការបើកបរកាន់តែផ្តល់នូវកំលាំងខ្លាំង ហើយវានឹងត្រូវបានគេដាក់បញ្ចូលក្នុងចង្វាក់ផលិតកម្មនៅខែមករា ឆ្នាំក្រោយនេះ រួមជាមួយតម្លៃផ្លូវការផងដែរ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន។
ផ្នែកខាងក្រៅរបស់វា រំលេចដោយការលេងពណ៌ខ្មៅព័ទ្ធជុំវិញ ប៉ាណាក្រូមេខ្មៅ ដែលបង្ហាញអោយកាន់តែមានភាពទាក់ទាញខ្លាំង។ មួយវិញទៀតគឺបំពាក់មកជាមួយនូវថាសកង់ទំហំ ១៩ អុីញ យ៉ាងពិសេសផងដែរ។
ផ្នែកខាងក្នុងវិញរឹតតែពិសេស ជាមួយនឹងការបំពាក់ជាមួយប្រភេទស្បែក លេងជាមួយ Alcantara និងកាំម្ញី រួមជាមួយថ្នេរដេរពណ៌ក្រហម និងប្រផេះ រំលេចជាមួយឡូហ្គូ GR។ ចំនែកដៃចង្កូត និងប្រអប់លេខស្រោបដោយស្បែក ដេរថ្នេរក្រហម រំលេចនូវចលនានៃពាក្យ GR នៅក្នុងកុងទ័រយ៉ាងស្រស់ស្អាតពេលបញ្ឆេះរថយន្តផងដែរ។ ប្រភេទ GR Sport នេះបំពាក់មកជាស្តង់ដារនូវលក្ខណៈពិសេសដែលមានដូចជា ប្រព័ន្ធកំសាន្ត JBL, កៅអីផ្នែកខាងមុខមានមុខងារកំដៅ និងបញ្ជារដោយថាមពលអេឡិចត្រូនិច, កញ្ចក់សងខាងបញ្ជេរដោយថាមពលអេឡិចត្រូនិច, កញ្ចក់អ្នកដំណើរខាងក្រោយប្រភេទ Privacy, ប្រើប្រាស់ប្រព័ន្ធបញ្ឆេះឆ្លាតវ៉ៃ Push Start / Stop និងចង្កៀងហ្វាខាងមុខ ប្រើប្រាស់ប្រភេទអំពូល LED។ ដូចទៅនឹងប្រភេទដទៃទៀតរបស់ CH-R ផងដែរ GR នេះគឺមានបំពាក់នូវមុខងារសុវត្ថិភាពឆ្លាតវៃ TSS។
សម្រាប់ម៉ូឌែលថ្មីឆ្នាំ ២០២១ តូយ៉ូតាក៏បានបន្ថែមនូវប្រភេទថ្មីមួយទៀតគឺ C-HR C-HIC ដែលរំលេចជា២ពណ៌ Oxide Bronze (ដូចរូបខាងក្រោម), ថាសកង់ ១៨អុីញ ១០ប្រឡោះ ហើយរថយន្តនេះនឹងមកដល់ក្នុងខែនេះ នៅអគារតាំងបង្ហាញរថយន្តអឺរ៉ុបផងដែរ។