នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបញ្ជាក់ថារដ្ឋាភិបាលនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងរថយន្តម៉ាស៊ីនម៉ាស៊ូតថ្មីៗនៅក្នុងឆ្នាំ ២០៣០ ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រីបាននិយាយថារដ្ឋាភិបាលគ្រោងនឹងបណ្ដាក់ទុកជាទឹកប្រាក់ជាង ៣,៧ពាន់លានដុល្លារលើរថយន្តអគ្គិសនី, ពង្រាយស្ថានីយសាកភ្លើងឲ្យបានច្រើន និងបង្កើតរោងចក្រផលិតអាគុយប្រើប្រាស់បានយូរនៅអង់គ្លេសផ្ទាល់។ តាមរយៈការបណ្ដាក់ទុននេះ រដ្ឋាភិបាលនឹងអាចហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងម៉ាស៊ូតថ្មីក្នុងឆ្នាំ ២០៣០។
យ៉ាងណាក្ដីរដ្ឋាភិបាលនឹងបន្តអនុញ្ញាតឲ្យមានការលក់រថយន្ត Hybrid ថ្មីៗ ដែលមានសមត្ថភាពអាចបើកបរបានរយៈចម្ងាយឆ្ងាយដោយមិនបញ្ចេញឧស្ម័នពុលចេញពីបំពង់ស៊ីមាំង ដែលនឹងអនុញ្ញាតត្រឹមឆ្នាំ ២០៣៥។ រដ្ឋាភិបាលនឹងកំណត់លើរយៈចម្ងាយជាក់លាក់នៃរថយន្ត Hybrid នៅក្នុងការប្រកាសពេលក្រោយ បន្ទាប់ពីពិភាក្សារួច។
គួរដឹងថាមានប្រទេសផ្សេងទៀតនៅអឺរ៉ុបក៏បានប្រកាសកាលបរិច្ឆេទហាមឃាត់ការលក់រថយន្តដំណើរការដោយម៉ាស៊ីនសាំង និងម៉ាស៊ូតផងដែរ ដែលក្នុងនោះមានប្រទេសបារាំងបានកំណត់យកឆ្នាំ ២០៤០, ប្រទេសន័រវែសកំណត់យកឆ្នាំ ២០២៥ និងប្រទេសអាល្លឺម៉ង់កំណត់យកឆ្នាំ ២០៣០៕