នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃនៃរថយន្ត Nissan Skyline មួយចំនួនបានឡើងថ្លៃកប់ពពក។ ឥឡូវនេះក្រុមហ៊ុន NISMO ដែលជាផ្នែកមួយរបស់ Nissan បានចេញសេវាកម្មស្តាររថយន្តឲ្យថ្មីដូចដើមវិញផងដែរ។
ទោះជាយ៉ាងណាក៏ដោយ សេវាកម្មដ៏អស្ចារ្យសម្រាប់អ្នកគាំទ្ររថយន្ត Nissan នេះ មានតម្លៃថ្លៃខ្លាំង ដែលល្មមអាចធ្វើឲ្យអ្នកគិតឡើងវិញតែម្តង។
ដំណើរការក្នុងការស្តារនេះគឺត្រូវដោះគ្រឿងរថយន្តចេញទាំងអស់តែម្តង។ បន្ទាប់មក Nismo នឹងបាញ់ថ្នាំពណ៌ស ហើយប្រើបច្ចេកវិទ្យា 3D ដើម្បីវាស់ និងស្វែងរកកន្លែងដែលមិនស្មើ ឬខូចខាតណាមួយនៅលើសាក់ស៊ី។ ប្រសិនបើមាន ពួកគេនឹងធ្វើការជួសជុល។ បន្ទាប់មកទៀត ពួកគេនឹងប្រើម៉ាស៊ីនដើម្បីធ្វើតេស្តភាពរឹងមាំនៃតួរថយន្ត មុនពេលបំពាក់បន្ទះការពាររំញ័រ និងកាត់បន្ថយសំឡេង។ តួខ្លួនរថយន្តក្រោយមកនឹងត្រូវចូលដល់កន្លែងបាញ់ថ្នាំ ដោយម្ចាស់រថយន្តអាចរក្សាពណ៌ដើមរបស់វា ឬជ្រើសរើសពណ៌ថ្មីបាន។
ទន្ទឹមគ្នានេះដែរ ម៉ាស៊ីនដើម RB26DETT របស់ Skyline នឹងត្រូវរើចេញទាំងអស់ ហើយផ្គុំឡើងវិញ ដោយជួសជុល ឬប្រើគ្រឿងថ្មី។ វានឹងឆ្លងកាត់ធ្វើតេស្តដ៏ត្រឹមត្រូវ មុនពេលទទួលបានការយល់ព្រមឲ្យប្រើប្រាស់វិញ។
កន្លែងសំខាន់ៗទៀតដូចជា ប្រព័ន្ធជើងក្រោម និងហ្វ្រាំង ក៏ត្រូវរើ និងផ្គុំឡើងវិញដែរ។ បន្ថែមពីនេះ ខ្សែភ្លើងទាំងអស់នឹងត្រូវគេពិនិត្យឡើងវិញ ហើយជួសជុលបើចាំបាច់។
ចំណែកឯផ្នែកខាងក្នុងវិញមាន ២ ជម្រើស។ ដោយសារតែ Nissan មិនអាចប្រើវត្ថុធាតុដើមដូចរបស់ Skyline ស៊េរីចាស់បនា ដូច្នេះអតិថិជនអាចជ្រើសរើសវត្ថុធាតុដើមដូចទៅនឹងម៉ូដែល GT-R បច្ចុប្បន្ន ឬឲ្យ Nismo សម្អាត និងស្តារកាប៊ីនដើមនោះតែម្តង។
បើតាមក្រុមហ៊ុន Nismo បានបង្ហាញថា តម្លៃស្តង់ដារក្នុងការស្តាររថយន្តទាំងមូលនេះ គឺ ៤៥លានយ៉េន ឬប្រហែល ៤៣៣ ០០០ដុល្លារ៕