ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xpeng បានចាប់ផ្ដើមការវាយលុកលើទីផ្សារអឺរ៉ុប ដោយកំពុងដឹកជញ្ជូនរថយន្ត G3 ចំនួន ១០០គ្រឿង ដល់អតិថិជននៅក្នុងប្រទេសន័រវែស។
ក្រុមហ៊ុនដែលមូលដ្ឋាននៅទីក្រុង Guangzhou មួយនេះមានគម្រោងនឹងចូលទៅកាន់ទីផ្សារប្រទេសដទៃទៀតក្នុងតំបន់អឺរ៉ុបដែរ ហើយនឹងចំណាយពេល ១២ខែបន្ទាប់ទៀតដើម្បីសិក្សាមើលថាគួរតែជ្រើសរើសយកប្រទេសណាជាបន្ត។
Xpeng បានជ្រើសរើសវាយលុកចូលទីផ្សារអឺរ៉ុបតាមរយៈប្រទេសន័រវែសក៏ដោយសារគោលការណ៍គាំទ្ររបស់រដ្ឋាភិបាលន័រវែស ហើយប្រទេសនេះក៏មានហេដ្ឋារចនាសម្ពន្ធនៃស្ថានីយសាកភ្លើងដ៏ទំនើប និងមានប្រជាជនដែលយល់ដឹងអំពីរថយន្តអគ្គិសនីច្រើន។
ត្បិតថាន័រវែសជាប្រទេសតូចមួយមែន ប៉ុន្តែ ៨០% នៃរថយន្តដែលលក់ចេញនៅប្រទេសនេះក្នុងត្រីមាសទី៣ ឆ្នាំ ២០២០ គឺជាប្រភេទដែលអាចសាកភ្លើងបាន។ នេះបើតាមការចុះផ្សាយរបស់ Autonews Europe៕