ក្រុមហ៊ុន General Motors កំពុងហៅរថយន្តចំនួនជាង ៦២៤ ០០០ គ្រឿងត្រឡប់មកវិញ ដោយសារបញ្ហាខ្សែក្រវ៉ាត់កៅអី។
សេចក្តីជូនដំណឹងដែលត្រូវបានចេញដោយក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ និងរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានបង្ហាញថា ខ្សែក្រវ៉ាត់កៅអីខាងមុខកណ្តាល (កៅអី Option “front bench seats”) ប្រហែលជាមិនបានភ្ជាប់ទៅនឹងកៅអីឲ្យបានត្រឹមត្រូវទេ។ ជាក់ស្តែង វាគឺជាការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យមានអ្នករងរបួស ឬស្លាប់ក្នុងករណីមានគ្រោះថ្នាក់កើតឡើង។
សរុបមក រថយន្តចំនួន ៦២៤ ២១៦ គ្រឿង ត្រូវបានហៅឲ្យត្រឡប់មកវិញ ដោយក្នុងនោះរួមមាន Chevrolet Silverado 1500 ឆ្នាំ ២០១៩-២០២១, GMC Sierra 1500 ឆ្នាំ ២០១៩-២០២៣ , Chevrolet Silverado 2500 និង 3500 ឆ្នាំ ២០២០-២០២១, GMC Sierra 2500 និង 3500 ឆ្នាំ ២០២០ និង ២០២១ ក៏ដូចជា រថយន្ត Chevrolet Suburban, Chevrolet Tahoe និង GMC Yukon XL ឆ្នាំ ២០២១ ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រថយន្តដែលត្រូវបានប្រមូលមកវិញនោះ គឺប្រភេទដែលមានកៅអីអង្គុយខាងមុខកណ្តាល front bench seats។
យោងទៅតាមក្រុមហ៊ុនផលិតរថយន្តខាងលើ បានឲ្យដឹងថា បុគ្គលិកបានដឹងក្នុងអំឡុងពេលដំណើរការដំឡើងរថយន្តថា អ្នកផ្គត់ផ្គង់កៅអីមិនបានភ្ជាប់ខ្សែក្រវ៉ាត់កៅអីខាងមុខកណ្តាលទៅនឹងស៊ុមកៅអីទេ។ នៅពេលធ្វើការស៊ើបអង្កេតលើបញ្ហានេះ ក្រុមហ៊ុន General Motors ទើបរកឃើញថា បញ្ហាដូចគ្នានេះអាចប៉ះពាល់ដល់ម៉ូដែលផ្សេងៗទៀត៕