Jaguar Land Rover សង្ឃឹម​លើ​រថយន្ត​ថ្មី ៥ ម៉ូដែលនេះ នាថ្ងៃខាងមុខ

ក្រុមហ៊ុន​ផលិត​រថយន្ត​អង់គ្លេស Jaguar Land Rover មាន​រថយន្ត​សំខាន់​​ ៥ ម៉ូដែល​ថ្មី កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ផលិត ដែល​រំពឹង​ថា​នឹង​ជួយ​ធានា​នូវ​ជោគជ័យ​រយៈពេល​យូរ​អង្វែង​មួយ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​វិបសាយ​រថយន្ត Autocars។

ម៉ូដែល​ដំបូង​គេ​ពី​ក្រុមហ៊ុន Jaguar Land Rover គឺ​រថយន្ត​ម៉ូដែល Defender ជំនាន់​ថ្មី​ ដែល​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ក្រោយ​ពី​ក្រុមហ៊ុន​បាន​បង្ហើប​ពី​រូបរាង​ថ្មី​ជា​ច្រើន​លើក​ច្រើន​សារ។ Defender នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មិន​អាច​លក់​ចេញ​បាន​ច្រើន​ណាស់​ណា​នោះ​ទេ ប៉ុន្តែ​វា​ជា​រថយន្ត​សំខាន់​មួយ​សម្រាប់​ម៉ាក Jaguar Land Rover ដែល​ជា​ម៉ូដែល​មាន​ប្រវត្តិ​យូរ​ឆ្នាំ​មក​ហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Jaguar XJ

បន្ទាប់​ពី​ម៉ូដែល Defender គឺ​បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ថ្មី​ស្នង​តំណែង​រថយន្ត​ Jaguar XJ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផលិត។ រថយន្ត​ថ្មី​នេះ​ក៏​នឹង​មាន​ជា​​ជម្រើស​​ Plug-in Hybrid ​សម្រាប់​ចេញ​លក់​ដំណាល​គ្នា។

ក្រោយ​ពី​ XJ ថ្មី ក្រុមហ៊ុន​នឹង​បញ្ចេញ​ម៉ូដែល J-Pace ជា​​ប្រភេទ​រថយន្ត SUV ថ្មី ដែល​នឹង​មាន​ទំហំ​ធំ និង​ប្រណីត​ជាង​ម៉ូដែល F-Pace។ មាន​ការ​ចុះ​ផ្សាយ​ពី​ខាង​ក្រុមហ៊ុន​ផ្ទាល់ ដែល​បាន​បញ្ជាក់​អំពី​វត្តមាន​រថយន្ត​នេះ ហើយ​វា​អាច​មាន​ជា​ប្រភេទ​ប្រើ​ប្រាស់​អគ្គិសនី​សុទ្ធ​​ផង​ដែរ។

បក​ទៅ Land Rover វិញ នឹង​មាន​ម៉ូដែល​ទី​ ៥ ចូល​រួម​ជា​មួយ​គ្រួសារ Range Rover ដែល​នឹង​ប្រកាស​ចេញ​នៅ​ចុង​ឆ្នាំ ២០២១។ ម៉ូដែល​ថ្មី​នេះ​ អាច​នឹង​ស្ថិត​នៅ​ចន្លោះ​ម៉ូដែល Evoque និង Velar ហើយ​វា​អាច​ជា​ម៉ូដែល Range Rover ដំបូង​ដែល​​មាន​ជម្រើស​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ផង​ដែរ។

​​​ម៉ូដែល​ចុង​ក្រោយ​ដែល​ជា​​អាវុធ​សំខាន់​របស់ Jaguar Land Rover សម្រាប់​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ គឺ​រថយន្ត​ Land Rover Range Rover ជំនាន់​ថ្មី ដែល​មាន​រចនាបថ​រូបរាង​ថ្មី​ទាំង​ស្រុង៕

​​
​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម