គូប្រជែង Land Cruiser មកពីត្រកូល Nissan ប្រកាសតម្លៃផ្លូវការ

(សហរដ្ឋអាមេរិច) Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការរបស់រថយន្ត Armada ឆ្នាំ២០២១ ដែលកំពុងមានវត្តមាននៅលើទីផ្សារជុំវិញពិភពលោក។

Armada ឆ្នាំ២០២១ គឺជារថយន្ត Nissan ដំបូងបង្អស់ ដែលមានបំពាក់ឡូហ្គូថ្មី ព្រមទាំងប៉ាណាមុខថ្មី, គម្របដំបូលថ្មី, កាងមុខក្រោយថ្មី បូករួមទាំងចង្កៀងមុខក្រោយ LED ថ្មីផងដែរ។ SUV ខ្នាតធំមានកៅអី ៣ជួរនេះ បំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Wi-Fi។ វាបំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ Endurance V8 មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហើយអាចអូសសណ្តោងបានទម្ងន់ ៣ ៨៥៥គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ វានឹងបំពាក់ជាមួយប្រព័ន្ធសុវត្តិភាពឈ្មោះ Nissan’s Safety Shield 360មកស្តង់ ដែលរួមមាន៖ Lane Departure Warning, Intelligent Cruise Control, Automatic Emergency Braking with Pedestrian Detection និង Intelligent Around View Monitor។

Nissan ផ្តល់ជម្រើស Armada ដល់ទៅ ៤ ម៉ូដែល គឺ S, SV, SL និង Platinum ព្រមទាំងជម្រើសប៉ុងមួយ 2WD និងប៉ុងពីរ 4WD ទៀតផង។ ដោយមានតម្លៃចាប់ពី ៤៨ ៥០០ដុល្លារ ដល់ ៦៧ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម