Hyundai និងម៉ាកសាខារបស់ខ្លួនគឺ Kia បានបញ្ជាក់ថាពួកគេមិនមានការពិភាក្សាជាមួយ Apple ទាក់ទងនឹងការផលិតរថយន្តថ្មីនោះទេ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។
ដំណឹងនេះបានធ្វើឲ្យតម្លៃលើទីផ្សារបស់ Hyundai ធ្លាក់ចុះអស់ ៣ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុនបានធ្លាក់ចុះ ៦,២% ខណៈដែល Kia បាត់បង់តម្លៃទីផ្សារអស់ ៥,៥ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុនធ្លាក់ចុះរហូតដល់ ១៥%។
រំលឹកថាកាលពីខែមករា មានការផ្សព្វផ្សាយថា Hyundai និង Apple ប្រហែលជាសហការគ្នាលើការផលិតរថយន្តអគ្គិសនីបើកបរស្វ័យប្រវត្តិថ្មី ដែលប្រើប្រាស់គ្រោងឆ្អឹង E-GMP ថ្មីរបស់ Hyundai។ ដំណឹងនេះត្រូវបានបញ្ជាក់ពី Hyundai ផ្ទាល់ ដោយពេលនោះ Hyundai និយាយថាខ្លួនកំពុងពិភាក្សាជាមួយ Apple ប៉ុន្តែក្រោយមក Hyundai ក៏បានប្ដូរសេចក្ដីប្រកាសដោយមិនបង្ហាញឈ្មោះ Apple នោះទេ។
ទន្ទឹមនឹងនេះដែរកាលពីដើមសប្ដាហ៍កន្លងទៅ សារព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា Apple គ្រោងនឹងធ្វើការបណ្ដាក់ទុនធំរហូតដល់ ៣,៦ពាន់លានដុល្លារទៅលើក្រុមហ៊ុន Kia សម្រាប់ផែនការផលិតរថយន្តអគ្គិសនីរបស់ Apple ផងដែរ។ ប៉ុន្តែពេលនេះមានការបញ្ជាក់ពីប្រភពជិតដិតនឹងរឿងនេះដល់ Bloomberg ថាកិច្ចពិភាក្សារវាង Kia, Hyundai និង Apple គឺមិនមានទៀតនោះទេ៕