ទីបំផុត Toyota ផលិតឡាននៅអាមេរិកបាន ៣០លានគ្រឿងហើយ

ក្រុមហ៊ុនរថយន្តជប៉ុន Toyota សាងបានសមិទ្ធផលដ៏អស្ចារ្យមួយនៅសហរដ្ឋអាមេរិកដោយនៅទីបំផុតរថយន្តទី៣០លានគ្រឿងរបស់ខ្លួន បានរំកិលចេញពីរោងចក្រផលិតនៅសហរដ្ឋអាមេរិក ដែលជាការបញ្ជាក់អំពីការឈរជើងដ៏ខ្លាំងក្លានៅទឹកដីមួយនេះ។

ក្រុមហ៊ុន Toyota បានឈានជើងចូលទីផ្សារអាមេរិកតាំងពីជាង ៦០ឆ្នាំមុន ប៉ុន្តែរហូតដល់ឆ្នាំ ១៩៨៦ ទើបក្រុមហ៊ុននេះបានចាប់ផ្ដើមផលិតរថយន្តនៅសហរដ្ឋអាមេរិក ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន New United Motor Manufacturing ដែលរថយន្តដំបូងដែលផលិតនៅអាមេរិកគឺជារថយន្ត Toyota Corolla។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រយៈពេល ៣៥ឆ្នាំក្រោយមក Toyota បានបង្កើតរោងចក្រផលិតបាន ១០កន្លែងនៅសហរដ្ឋអាមេរិក និងសរុបចំនួន ១៤ទីតាំងនៅទ្វីបអាមេរិកខាងជើងទាំងមូល។ រថយន្តទី៣០លានគ្រឿងរបស់ Toyota ដែលចេញពីរោងចក្រនៅអាមេរិកគឺជាម៉ូដែល Toyota Sienna ស៊េរីឆ្នាំ ២០២១ ដែលរំកិលខ្លួនចេញពីរោងចក្រ Princeton រដ្ឋ Indiana៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម