ស្របពេលដែលមនុស្សជាច្រើនកំពុងតែភ្លូកទឹកភ្លូកដីទិញ SUV ស្រាប់តែរថយន្តស្ព័រ Chevrolet Corvette បែរជាជាប់ឈ្មោះជារថយន្តលក់ដាច់លឿនបំផុត ប្រចាំខែមេសា ទៅវិញ។
យោងតាមរបាយការណ៍ពី iSeeCars បានឲ្យដឹងថា រថយន្ត Chevrolet Corvette ចំណាយពេលជាមធ្យមត្រឹម ៩,២ថ្ងៃប៉ុណ្ណោះដើម្បីលក់ដាច់ ជាមួយនឹងតម្លៃជាមធ្យម ៨៧ ៣៩០ដុល្លារ។ គួរឲ្យដឹងដែរថា តួលេខជាមធ្យមនៃរថយន្តទូទៅគឺ ៤៨,៣ថ្ងៃ និងតម្លៃជាមធ្យម ៣៧ ៥៥៨ដុល្លារ។
Chevrolet Corvette បានតាមពីក្រោយដោយ រថយន្តប្រភេទ Plug-in Hybrid គឺ Jeep Wrangler 4xe ដែលចំណាយពេលជាមធ្យមត្រឹម ១០,៥ថ្ងៃ និងតម្លៃជាមធ្យម ៥៧ ១៦១ដុល្លារ។ តំណែងលេខ៣ បានទៅលើរថយន្ត Kia Telluride ដែលចំណាយពេលជាមធ្យម ១២,៦ថ្ងៃ ជាមួយតម្លៃជាមធ្យម ៤៤ ៧២៣ដុល្លារ។
ក្រៅពីនោះមានរថយន្តជាច្រើនទៀតដូចជា Hyundai Santa Fe Hybrid (១២,៨ថ្ងៃ / ៣៩ ២៨៥ដុល្លារ), Lexus IS 350 (១៣,៤ថ្ងៃ / ៤៩ ៣៤៨ដុល្លារ), Toyota RAV4 Prime (១៣,៧ថ្ងៃ / ៤៣ ៩៨៣ដុល្លារ), Cadillac Escalade (១៣,៩ថ្ងៃ / ៩៩ ៩៧០ដុល្លារ), Kia Carnival (១៣,៩ថ្ងៃ / ៤០ ៣៦៨ដុល្លារ), Toyota Tacoma (១៥ថ្ងៃ / ៣៧ ៦៨២ដុល្លារ) និង GMC Yukon (១៥,៥ថ្ងៃ / ៧៥ ២០៤ដុល្លារ)៕