BMW X3 M និង X4 M ឆ្នាំ២០២២ កាន់តែខ្លាំង និងរហ័សជាងមុន

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត X3 M និង X4 M ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយទទួលបានការអាប់ដេតមួយចំនួន ដែលជួយឲ្យវាកាន់តែខ្លាំង និងរហ័សជាងមុន។

រថយន្ត BMW X3 M និង X4 M បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៧៣សេះសម្រាប់ម៉ូដែលស្តង់ដារ និង ៥០៣សេះ សម្រាប់ម៉ូដែល Competition។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន BMW អះអាងថា X3 M និង X4 M អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩វិនាទីប៉ុណ្ណោះ ខណៈពីមុនគឺ ៤,១វិនាទី សម្រាប់ម៉ូដែលស្តង់ដារ និង ៣,៧វិនាទី សម្រាប់ម៉ូដែល Competition ដែលពីមុនគឺ ៤,០វិនាទី។

ដោយឡែកចំពោះល្បឿនអតិបរមារបស់វាវិញ គឺត្រូវកំណត់ត្រឹម ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងឡើងដល់ ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង បើមានកញ្ចប់ Option “M Driver’s Package”។ ក្រៅពីនោះគឺវានៅបន្តប្រើប្រព័ន្ធប៉ុងពីរ និងប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF ដដែល។

សូមបញ្ជាក់ថា រថយន្ត BMW X3 M និង X4 M ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ៦៩ ៩០០ដុល្លារ និង ៧៣ ៤០០ដុល្លារ ហើយនឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងខែកញ្ញាខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម