ម្ចាស់ឡានអគ្គិសនីប្រណីតរបស់ Mercedes អាចសាកភ្លើង៣០នាទី ដោយឥតគិតលុយបានពីរឆ្នាំ

ក្រុមហ៊ុន Mercedes-Benz និង Electrify America បានប្រកាសថាអតិថិជនដែលទិញរថយន្តអគ្គិសនី EQS នឹងទទួលបានការផ្ដល់ជូនការសាកភ្លើងដោយឥតគិតថ្លៃនៅស្ថានីយសាកភ្លើង Electrify នៅទូទាំងសហរដ្ឋអាមេរិកបានរយៈពេល២ឆ្នាំ។

ការសាកភ្លើងរយៈពេល៣០នាទីដំបូងនឹងមិនគិតថ្លៃឡើយ ប៉ុន្តែរថយន្ត EQS អាចសាកពី ០% ដល់ ៨០% ក្នុងពេលត្រឹម ២០នាទី ដូចនេះការផ្ដល់ជូននេះអាចនិយាយថាសមទំនងដែរ។ ម្ចាស់រថយន្ត EQS នឹងអាចសាកភ្លើងនៅស្ថានីយសាកភ្លើងល្បឿនលឿនសរុប៦០០ស្ថានីយ ដែលមាននៅសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថារថយន្ត EQS បានចាប់ផ្ដើមចូលរោងចក្រផលិតហើយនៅប្រទេសអាល្លឺម៉ង់ ដោយរថយន្តនេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន ៣២៩សេះ ហើយវាក៏មានជម្រើសម៉ូទ័រអគ្គិសនីពីរដែលផលិតកម្លាំងបាន ៥១៦សេះផងដែរ។

រថយន្តប្រណីតនេះនឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកនៅអំឡុងត្រីមាសទីបីនេះ ប៉ុន្តែមិនទាន់មានការប្រកាសចេញតម្លៃនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម