Bentley ចេញឡាន Flying Spur Plug-in Hybrid ឆ្នាំ២០២២ ថ្មី សន្សំសំចៃបំផុត

Flying Spur ជំនាន់ទី៣ បានក្លាយជារថយន្តប្រភេទ flagship luxury sedan របស់ក្រុមហ៊ុន Bentley ដោយជំនួសតំណែងម៉ូដែល Mulsanne ដែលឈប់ផលិត។

ឥឡូវនេះ ក្រុមហ៊ុន Bentley បានប្រកាសចេញរថយន្ត Flying Spur Plug-in Hybrid ថ្មី ដែលសន្សំសំចៃខ្លាំងបំផុតក្នុងត្រកូលរថយន្តប្រណីតរបស់អង់គ្លេសនេះ បន្ថែមលើជម្រើសម៉ាស៊ីនសាំង V8 និង W12។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Bentley Flying Spur Plug-in Hybrid បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៩លីត្រ V6 មានកម្លាំង ៤១០សេះ ជាមួយម៉ូទ័រអគ្គិសនីមួយមានកម្លាំង ១៣៤សេះ។ កម្លាំងសរុបរបស់វាគឺស្មើនឹង ៥៣៦សេះ។ ជាលទ្ធផល រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ថ្វីបើមិនទាន់ចេញតួលេខបញ្ជាក់លម្អិតក៏ដោយ ក៏ក្រុមហ៊ុន Bentley បានអះអាងថា Flying Spur Plug-in Hybrid គឺជារថយន្តសន្សំសំចៃបំផុតរបស់ខ្លួន ដោយអាចជិះបានចម្ងាយជាង ៧០០គីឡូម៉ែត្រ បើគិតទាំងសាំង និងថាមអគ្គិសនី។

គួរឲ្យដឹងថា រថយន្តនេះមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១៤,១គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ចំពោះការសាកភ្លើងវិញ គឺចំណាយពេលត្រឹមតែ ២ម៉ោងកន្លះប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រុមហ៊ុន Bentley ក៏មិនទាន់បានប្រកាសពីតម្លៃរបស់វាដែរ ប៉ុន្តែវានឹងត្រូវដឹកជូនអតិថិជននៅមុនដាច់ឆ្នាំ២០២១ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម