យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា សហគមន៍អឺរ៉ុប រំពឹងថានឹងស្នើសុំរថយន្តដឹកអ្នកដំណើរថ្មីទាំងអស់ដែលបានលក់ចាប់ពីឆ្នាំ ២០៣៥ ទៅ ជារថយន្តដែលមិនបំភាយឧស្ម័នកាបូន ពោលគឺអនុញ្ញាតឲ្យលក់តែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ ក្នុងរយៈពេល ១៤ ឆ្នាំទៀត។
ទ្វីបដែលផ្តល់កំណើតដល់រថយន្តល្បីៗជាច្រើន ដូចជា Porsche និង BMW ជាដើម បានសម្លឹងមើលការផ្លាស់ប្តូរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់សូន្យ នៅត្រឹមឆ្នាំ ២០៥០ ហើយការផ្លាស់ប្តូរនឹងត្រូវបានធ្វើបន្តិចម្តងៗ។
អង្គភាពនិយតកម្មរបស់គណៈកម្មការអឺរ៉ុបចង់ឲ្យមានការបំភាយឧស្ម័នពីរថយន្តថ្មី រួមទាំងរថយន្តវ៉ែន ថយចុះ ៦៥ភាគរយនៅឆ្នាំ ២០៣០ មុនពេលវាធ្លាក់ចុះដល់សូន្យនៅរយៈពេល ៥ឆ្នាំបន្ទាប់។ ទន្ទឹមនឹងនេះដែរ ច្បាប់ប្រឆាំងនឹងការបំពុលបរិស្ថានថ្មីទាំងនេះ នឹងបង្ខំឲ្យសហភាពអ៊ឺរ៉ុបជំរុញបណ្តាប្រទេសនានាបង្កើនហេដ្ឋារចនាសម្ព័ន្ធ ឬស្ថានីយ៍សាកភ្លើងរបស់ខ្លួនរៀងៗខ្លួន។
គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះគោលដៅនៃការកាត់បន្ថយការបំភាយឧស្ម័នពុលចេញពីរថយន្ត គឺតម្រូវឲ្យមានការកាត់បន្ថយ ៣៧,៥ ភាគរយសម្រាប់រថយន្តដឹកអ្នកដំណើរ នៅត្រឹមឆ្នាំ ២០៣០។ រថយន្តដឹកអ្នកដំណើរបច្ចុប្បន្នមានប្រហែល ១២ ភាគរយ នៃការបំភាយឧស្ម័នពុលសរុបនៅអឺរ៉ុប៕