ក្រុមហ៊ុន Bajaj ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្ត, ម៉ូតូ និងម៉ូតូកង់បីដ៏ធំបំផុតរបស់ឥណ្ឌា កំពុងឈានជើងទៅកាន់វិស័យបម្លាស់ទី(Mobility)អគ្គិសនី។
តួរយ៉ាងកាលពីខែមិថុនាកន្លងទៅ វេបសាយ RideApart បានធ្វើការផ្សាយថា ក្រុមហ៊ុន Bajaj បានធ្វើការចុះបញ្ជីម៉ាកសញ្ញាថ្មីឈ្មោះ “Freerider” សម្រាប់ម៉ូតូអគ្គិសនីកម្លាំង ១១សេះ ដែលអាចបើកបរបានចម្ងាយ ១០០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។
យោងតាមរបាយការណ៍ពី Gaadi Waadi បង្ហាញថា៖ យីហោឥណ្ឌាគ្រោងនឹងបង្កើតយីហោថ្មីដែលនឹងលក់តែម៉ូតូ និងម៉ូតូកង់បីអគ្គិសនី ប៉ុណ្ណោះ។ ការវិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីការដាក់បង្ហាញម៉ូតូអគ្គិសនី(Scooter)ថ្មីបំផុតរបស់ Bajaj គឺ Chetak ក្នុងព្រឹត្តិការណ៍មួយកាលពីខែមេសាឆ្នាំ ២០២១ ហើយបច្ចុប្បន្នជាវាជាម៉ូតូអគ្គិសនីលក់ដាច់បំផុតមួយនៅលើទីផ្សារឥណ្ឌា។
បន្ថែមពីនេះតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុន Bajaj បានជូនដំណឹងដល់ Bombay Stock Exchange (BSE) ថាក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានយល់ព្រមលើការអភិវឌ្ឍន៍នេះ។ យោងតាមរបាយការណ៍នេះក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយក្រុមហ៊ុន Bajaj នឹងបង្កើនឱកាសរីកចម្រើនក្នុងវិស័យ Mobility ដែលកំពុងវិវឌ្ឍន៍ ហើយនឹងជួយឱ្យក្រុមហ៊ុនបណ្តាក់ទុនក្នុងការផលិតរថយន្តអគ្គិសនី និងម៉ូតូកង់បី។
គួរំលឹកដែរថា Gaadi Waadi ក៏បង្ហាញថាក្រុមហ៊ុន Bajaj នឹងបញ្ចេញនូវម៉ូតូកង់បី និងម៉ូតូ Quadsថ្មី សម្រាប់ឆ្នាំ ២០២១ ផងដែរ៕