អនាគតនៃរថយន្ត Chevrolet Camaro ដែលប្រើម៉ាស៊ីនចំហេះក្នុងនៅមិនទាន់ជាក់លាក់នៅឡើយទេ ប៉ុន្តែរបាយការណ៍ថ្មីមួយបានអះអាងថា រថយន្តស្ព័រអាមេរិកនេះទំនងជាត្រូវជំនួសដោយរថយន្តប្រើថាមពលអគ្គិសនីសុទ្ធវិញ។
យោងតាមរបាយការណ៍ពីគេហទំព័រ Automotive News បានបង្ហាញថា ទាំងរថយន្ត Chevrolet Camaro និង Malibu នឹងត្រូវបញ្ចប់វដ្ដផលិតកម្មត្រឹមជំនាន់នេះ ហើយនឹងមិនបានជំនួសវិញដោយម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងនោះទេ។ ពួកគេទំនងជានឹងបើកផ្លូវឲ្យម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធវិញ នៅក្នុងឆ្នាំ២០២៤ ទើបីជាគេមិនទាន់ដឹងច្បាស់នៅឡើយថា ពួកវានៅតែបន្តប្រើឈ្មោះដដែល ឬប្រើឈ្មោះថ្មីតែម្តង។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន GM បានសន្យាថា នឹងផលិតតែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ នៅត្រឹមឆ្នាំ២០៣៥ ដែលមានន័យថា រថយន្ត Chevrolet Camaro ថ្មីប្រើថាមពលអគ្គិសនីសុទ្ធនឹងកើតឡើង ប៉ុន្តែមកទល់ពេលនេះ GM បានបង្ហាញតែរថយន្ត SUV និងភីកអាប់អគ្គិសនីប៉ុណ្ណោះ។
យ៉ាងណាមិញ វាក៏នៅតែសមហេតុផលដែរ ព្រោះរថយន្តទាំងពីរប្រភេទខាងលើកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង៕