ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត SUV ម៉ូដែលថ្មីមួយទៀតជាផ្លូវការ ដោយហៅថា Jeep Commander ដែលត្រូវបានអភិវឌ្ឍន៍ និងផលិតនៅក្នុងប្រទេសប្រេស៊ីល។
រថយន្ត Jeep Commander ឆ្នាំ២០២២ នេះ ត្រូវបានផលិតលើគ្រោងឆ្អឹង Small Wide Platform ដែលមានប្រើលើម៉ូដែល Compass ប៉ុន្តែមានតួខ្លួនវែង និងពេញ សម្រាប់អ្នកដំណើររហូតដល់ទៅ ៧អ្នកឯណោះ។
រថយន្ត SUV កៅអី ៣ជួរនេះមានប្រវែងខ្លួន ៤ ៧៦៩មីល្លីម៉ែត្រ ទទឹង ១ ៨៥៩មីល្លីម៉ែត្រ កម្ពស់ ១ ៦៨២មីល្លីម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៧៩៤មីល្លីម៉ែត្រ។
រថយន្ត Jeep Commander ឆ្នាំ២០២២ ផ្តល់ជម្រើស ២ ម៉ូដែល គឺ Limited និង Overland។ ពួកវាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញមកស្តង់ដារ រួមទាំង អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បាន, ប្រព័ន្ធសំឡេង Harman Kardon មាន Speaker ៩គ្រាប់ និងដំបូលកញ្ចក់វែង Panoramic Sunroof ផងដែរ។
វាផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីន turbocharged ចំណុះ ១,៣លីត្រ មានកម្លាំង ១៨៥សេះ ប្រើប្រអប់លេខអូតូ ៦វគ្ក និងប៉ុងមួយវិលកង់មុខ។ ចំណែកឯម៉ាស៊ីនមួយទៀតគឺ ចំណុះ ២,០លីត្រ turbodiesel មានកម្លាំង ១៧០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។
រថយន្ត Jeep Commander ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣៨ ០០០ដុល្លារ ឡើងរហូតដល់ ៥៣ ២០០ដុល្លារ សម្រាប់ទីផ្សារប្រទេសប្រេស៊ីល៕