ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត IAA Auto Show ឆ្នាំ២០២១ ក្រុមហ៊ុន Audi បានធ្វើការបង្ហាញចេញនូវគំរូរថយន្ត Grandsphere Concept ដែលជាអ្នកស្នងដំណែងម៉ូឌែល A8 ជាផ្លូវការ ជាមួយការរចនាដូចរថយន្តនាពេលអនាគត យ៉ាងប្រណិតផងដែរ។
ការរចនាលើរថយន្ត Grandsphere Concept មានភាពខុសគ្នាពីគម្រូរថយន្ត Skysphere concept ដែលបានបង្ហាញចេញកាលពីខែមុនកន្លងទៅ ដោយ Grandsphere Concept មានបំពាក់ដោយទ្វាចំនួន៤ បើកដូច Rolls-royce មានផ្នែកខាងក្នុងធំទូលាយ និងទំនើបជាមួយតាប្លូបែបកញ្ចក់កោង និងដៃចង្កូត និងចង្កឹះលេខដែលអាចបង្ហាញ និងលាក់បាន។ រថយន្តនេះមានប្រវែងសរុប ៥,៣៥ម៉ែត្រ ទទឹង ២ម៉ែត្រ កម្ពស់ ១,៣៩ម៉ែត្រ និងប្រវែងពីកង់មុខដល់កង់ក្រោយ ៣,២ម៉ែត្រ។
ចំណែកឯការឌីស្សាញផ្នែកខាងក្រៅត្រូវបានបំពាក់ដោយប៉ាណាមួយផ្ទាំងធំ អមដោយចង្រ្កៀងប្រភេទ LED រាងស្លីម និងភ្លើង 3Dផ្នែកខាងក្រោយ ដូច Skysphere concept, ឡូហ្គូ Audi ពណ៌ក្រហម និងបំពាក់ជាមួយថាសកង់ទំហំ ២៣អ៊ីញផងដែរ។
រថយន្តគំរូ Grandsphere Concept ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាអាគុយអគ្គិសនី PPE របស់ក្រុមហ៊ុន Volkswagen Group ដែលមានសម្ថភាពផ្ទុក ១២០គីឡូវ៉ាត់ម៉ោង។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ៧២០សេះ និងកម្លាំងរមួល ៩៦០ញ៉ូតុនម៉ែត្រ អាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៤វិនាទី។
រថយន្តនេះអាចបើកបរបានចម្ងាយ ៧៥០គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង និងសាកត្រឹមពេល ៣០នាទី វាអាចធ្វើដំណើរបាន ៣០០គីឡូម៉ែត្រ៕