តើក្រុមហ៊ុនផលិតរថយន្តណាខ្លះ កំពុងត្រៀម និងដំណើរការការតម្លើងរថយន្ត ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន?

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលខេត្តពោធ៍សាត់បានធ្វើការចុះផ្សាយនូវអត្ថបទនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុន RMA AUTOMOTIVE CO.,LTD ដើម្បីសាងសងរោងចក្រផ្គុំ និងតម្លើងរថយន្តនៅក្នុងខេត្តពោធ៍សាត់ ដោយគ្រោះបោះការវិនិយោគទុនទឹកប្រាក់សរុប ២១លានដុល្លារ និងអាចស្រូបទាញកម្លាំងពលកម្មប្រមាណ ៥០០នាក់។ ប៉ុន្តែក្រៅពីក្រុមហ៊ុន RMA ដែលគ្រោងបង្កើតរោងចក្ររថយន្ត Ford នេះ តើបងប្អូនទាំងអស់គ្នាដឹងឬទេថា នាពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រចំនួន ២កំពុងធ្វើការតម្លើង និងផ្គុំរថយន្តនៅតាមបណ្តាខេត្តផ្សេងៗគ្នា។

១. ក្រុមហ៊ុន Hyundai បានបើករោងចក្រដំឡើងរថយន្តមួយ កាលពីឆ្នាំ២០១១ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង។ រោងចក្ររបស់ក្រុមហ៊ុនកូរ៉េមួយនេះ ដំឡើងបានរថយន្ត ដូចជារថយន្តតួខ្ពស់ៗ, រថយន្តច្រើនបាំង (ឡានទួរីស៍) និងប្រភេទកូនឡានតូចៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ក្រុមហ៊ុន Daehan បានបើករោងចក្រដំឡើងរថយន្ត នៅក្រុងបាវិត ខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៨។ រោងចក្រនេះ ដំឡើងបានរថយន្តជាច្រើនប្រភេទ ដែលរួមមាន រថយន្តតូចសំរាប់គ្រួសារ រថយន្តសំរាប់ដឹកភ្ញៀវ រថយន្តសំរាប់ដឹកឥវ៉ាន់ និងរថយន្តសំរាប់ដឹកកម្មករ ជាដើម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា ចំពោះគម្រោងក្នុងឆ្នាំដំបូងនៃរោងចក្រដំឡើងរថយន្ត Ford នឹងដំឡើងរថយន្តពីរម៉ូឌែលមុនគេគឺ រថយន្ត Ford Ranger (XLT, Wildtrack) និងរថយន្ត Ford Everest ដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយនឹងដំឡើងឲ្យបាន ៤ ៥០០ គ្រឿង នៅឆ្នាំដំបូង និងកើនឡើងនៅឆ្នាំបន្តបន្ទាប់ទៀត។ នៅរយៈពេល ១០ ឆ្នាំក្រោយ ក្រុមហ៊ុន Ford ក៏គ្រោងនឹងបង្កើនដល់ ២ ម៉ឺនគ្រឿង ព្រមទាំងបន្ថែមម៉ូឌែលល្បីៗជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម