រថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ចិន គឺ Wuling Hong Guang MINI EV កំពុងឈានដល់ការលក់ក្នុងកម្រិតកំណត់ត្រាថ្មីម្តងទៀត។
យោងតាមរបាយការណ៍ចុងក្រោយបង្អស់ក្នុងខែសីហា បានបង្ហាញថា ក្រុមហ៊ុន Wuling បានលក់ដាច់រថយន្ត Hong Guang MINI EV សរុបមានចំនួន ៤១ ១៨៨ គ្រឿង ដែលវាជាកម្រិតខ្ពស់ថ្មីលើសពេលណាៗទាំងអស់។
បើប្រៀបធៀបទៅ ក្រុមហ៊ុន Tesla បានលក់ដាច់រថយន្តរបស់ខ្លួនសរុបចំនួន ៤៤ ២៦៤គ្រឿង ខណៈពេលដែល BYD ដែលជាគូប្រជែងដ៏ធំមួយដែរ មានលក់ដាច់រថយន្តរបស់ខ្លួនចំនួន ៦០ ៨៥៨គ្រឿង កាលពីខែសីហា។
គួរឲ្យដឹងដែរថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន Wuling បានលក់ដាច់រថយន្ត Wuling Hong Guang MINI EV ប្រហែលជាជិត ៤០០ ០០០គ្រឿងមកហើយ។ បើគិតទៅ វាមិនមែនជាចំនួនតិចនោះទេ ព្រោះថារថយន្តនេះទើបតែមានវត្តមាននៅលើទីផ្សាររយៈពេល ១៥ខែប៉ុណ្ណោះ៕