ក្តៅៗ! Acura បង្អួតរាង Integra ជាឡាន Hatchback ទ្វារ៥ ផ្លូវការ

កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន Acura បានប្រកាសថា រថយន្ត Integra នឹងបង្ហាញខ្លួនសារជាថ្មីវិញ នៅក្នុងឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ ថែមទាំងបានចុះប៉ាតង់ឈ្មោះ Integra Type S ទៀតផង។

ឥឡូវនេះ ក្រុមហ៊ុន Acura បានបង្អួតរូបរាងរថយន្ត Integra ឆ្នាំ២០២២ តាមរយៈវីដេអូខ្លីមួយខ្សែ ដោយបង្ហាញឲ្យឃើញថាវាជារថយន្តប្រភេទ Hatchback ទ្វារ៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Acura បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូច Integra ដើម ដែលជួយបង្កើតម៉ាក Acura ក្នុងឆ្នាំ១៩៨៦ អីចឹង រថយន្ត Integra ជំនាន់ទី៥ ថ្មី នឹងជារថយន្តប្រភេទ premium sport compact ជាមួយនឹងការឌីហ្សាញមានទ្វារ៥”។

ជាមួយគ្នានេះដែរ គេរំពឹងថា នឹងអាចឃើញរថយន្ត Integra ជាមួយ Integra Type S ដូចទៅនឹងរថយន្ត Civic និង Civic Type R ដែរ។ ប្រសិនបើបែបនោះមែន Integra Type S នឹងកាន់តែប្រណីត ហើយអាចមានកម្លាំងខ្លាំងជាង Integra ធម្មតាទៀតផង។

យ៉ាងណាមិញ គេរំពឹងថា Acura Integra ឆ្នាំ២០២២ ទំនងបន្តប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣០៦សេះ ខណៈពាក្យចចាមអារ៉ាមមួយចំនួនអះអាងថា ម៉ូដែលនេះអាចនឹងមានជម្រើសម៉ាស៊ីន Hybrid ប្រើប៉ុងពីរ ទៀតផង។ យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម